8 គឺអញនឹងធ្វើឲ្យស្រមោល ដែលបានជ្រេទៅនៅនាឡិកា ថ្ងៃរបស់ស្តេចអ័ហាស បានថយមកវិញ ដូច្នេះស្រមោលក៏ថយមកវិញ១០ចុច តាមដែលបានជ្រេទៅហើយ។
9 នេះជាពាក្យដែលហេសេគា ជាស្តេចយូដា បានសរសេរ ក្នុងកាលដែលទ្រង់ប្រឈួន ហើយបានជាឡើងវិញ។
10 យើងបានពោលថា យើងនឹងទៅឯទ្វារនៃស្ថានឃុំព្រលឹងមនុស្សស្លាប់ ក្នុងកាលដែលនៅពាក់កណ្តាលអាយុទេ សំណល់នៃឆ្នាំអាយុបានបង្អត់ដល់យើងហើយ
11 យើងបានពោលថា យើងនឹងលែងឃើញព្រះ គឺជាព្រះយេហូវ៉ា នៅស្ថានរបស់មនុស្សរស់នេះទៀត យើងនឹងខានឃើញមនុស្ស ដែលនៅកណ្តាលពួកមនុស្សលោកតទៅ
12 ជីវិតរបស់យើងបានត្រូវរើរុះចេញ គឺបានលើកយកចេញពីយើង ដូចជាត្រសាលរបស់អ្នកគង្វាល យើងបានមូរបំព្រួញជីវិត ដូចជាអ្នកត្បាញ ទ្រង់នឹងកាត់យើងចេញពីតំបាញ តាំងពីថ្ងៃដរាបដល់យប់ ទ្រង់នឹងផ្តាច់ជីវិតយើងទៅ
13 ដរាបដល់ពេលព្រឹក យើងបានគិតថា ទ្រង់នឹងបំបាក់អស់ទាំងឆ្អឹងយើង ដូចជាសិង្ហ តាំងពីថ្ងៃដរាបដល់យប់ ទ្រង់ផ្តាច់ជីវិតយើង
14 យើងបានយំចេចចាចដូចជាសត្វត្រចៀកកាំ ឬដូចជាក្រសារ ក៏បានថ្ងូរដូចព្រាបដែរ ឯភ្នែកយើងបានស្រវាំងទៅ ដោយងើយមើលទៅលើ ឱព្រះយេហូវ៉ាអើយ ទូលបង្គំត្រូវសង្កត់សង្កិន សូមធានាឲ្យទូលបង្គំផង