អេសាយ 40:1-7 KHOV

1 ព្រះ​នៃ​ឯង​រាល់​គ្នា ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ចូរ​កំសាន្ត​ទុក្ខ ចូរ​កំសាន្ត​ទុក្ខ​រាស្ត្រ​អញ​ចុះ

2 ត្រូវ​ឲ្យ​លួង‌លោម​ចិត្ត​នៃ​ក្រុង​យេរូ‌សាឡិម ហើយ​ស្រែក​ប្រាប់​គេ​ថា គ្រា​ធ្វើ​សឹក​សង្គ្រាម​របស់​គេ​បាន​សំរេច​ហើយ អំពើ​ទុច្ចរិត​របស់​គេ​ក៏​បាន​អត់​ទោស​ឲ្យ ហើយ​គេ​បាន​ទទួល​សំណង​១​ជា​២​ពី​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា ឲ្យ​ស្នង​នឹង​អំពើ​បាប​គេ​ដែរ។

3 មាន​ឮ​សំឡេង​១​កំពុង​តែ​ស្រែក​នៅ​ទី​រហោ‌ស្ថាន​ថា ចូរ​រៀប‌ចំ​ផ្លូវ​សំរាប់​ទទួល​ព្រះ‌យេហូវ៉ា ចូរ​ធ្វើ​ឲ្យ​មាន​ថ្នល់​រាប​ស្មើ​នៅ​ទី​ស្ងាត់ ថ្វាយ​ព្រះ​នៃ​យើង​រាល់​គ្នា​ចុះ

4 ឯ​គ្រប់​ទាំង​ច្រក​ភ្នំ នោះ​នឹង​ត្រូវ​លើក​ឡើង ហើយ​គ្រប់​ទាំង​ភ្នំ​ធំ​តូច នឹង​ត្រូវ​ពង្រាប​ទៅ នៅ​កន្លែង​ណា​ដែល​គ្រលិក‌គ្រលុក នោះ​ត្រូវ​ធ្វើ​ឲ្យ​ស្មើ ហើយ​កន្លែង​ណា​ដែល​រដិប‌រដុប​នឹង​ត្រូវ​ធ្វើ​ឲ្យ​រាប​ចុះ

5 នោះ​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា​នឹង​សំដែង​មក គ្រប់​មនុស្ស​ទាំង‌ឡាយ​នឹង​បាន​ឃើញ​ព្រម​គ្នា ដ្បិត​ព្រះ‌ឱស្ឋ​នៃ​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ហើយ។

6 មាន​ឮ​សំឡេង​១​កំពុង​តែ​ថា ចូរ​ប្រកាស​ចុះ នោះ​មាន​ម្នាក់​សួរ​ថា តើ​ត្រូវ​ឲ្យ​ស្រែក​ថា​ដូច​ម្តេច ចូរ​ថា មនុស្ស​ជាតិ​ទាំង‌ឡាយ​ប្រៀប​ដូច​ជា​ស្មៅ ហើយ​អំពើ​ដ៏​ល្អ​ទាំង​ប៉ុន្មាន​របស់​គេ​ក៏​ដូច​ជា​ផ្កា​នៅ​ទី​វាល

7 ឯ​ស្មៅ​ក៏​ស្វិត​ក្រៀម​ទៅ ហើយ​ផ្កា​រោយ‌រុះ​ចុះ ដោយ​ព្រោះ​ខ្យល់​នៃ​ព្រះ‌យេហូវ៉ា​បក់​មក​ត្រូវ ឯ​បណ្តា‌ជន គេ​ពិត​ដូច​ជា​ស្មៅ​ដែរ