12 តើអ្នកណាបានវាល់ទឹកទាំងប៉ុន្មាន នៅក្នុងទូកដៃ ហើយវាស់ផ្ទៃមេឃដោយចំអាមដែរ ព្រមទាំងដាក់ធូលីដីទាំងអស់ចុះក្នុងរង្វាល់ ហើយថ្លឹងអស់ទាំងភ្នំធំ ដោយជញ្ជីង និងភ្នំតូចទាំងប៉ុន្មានដោយត្រាជូ
13 តើអ្នកណាបានស្ទង់ព្រះវិញ្ញាណនៃព្រះយេហូវ៉ា ឬបានបង្រៀនទ្រង់ដោយខ្លួនធ្វើជាអ្នកជួយប្រឹក្សា
14 តើទ្រង់បានប្រឹក្សានឹងអ្នកណា ហើយអ្នកណាបានពន្យល់ទ្រង់ ឬបង្រៀនទ្រង់ក្នុងផ្លូវយុត្តិធម៌ ឬឲ្យទ្រង់មានចំណេះ ឬបង្ហាញផ្លូវនៃយោបល់ដល់ទ្រង់
15 មើល អស់ទាំងសាសន៍ប្រៀបដូចជាទឹក១ដំណក់នៅក្នុងថាំង ហើយក៏រាប់ទុកដូចជាលំអងធូលីនៅលើថាសជញ្ជីងដែរ មើល ទ្រង់លើកកោះទាំងប៉ុន្មានឡើង ដូចជារបស់យ៉ាងតិចតួច
16 ឯព្រៃល្បាណូននោះមិនគ្រាន់នឹងដុត ហើយសត្វទាំងប៉ុន្មាននៅព្រៃនោះក៏មិនល្មមនឹងធ្វើជាដង្វាយដុតផង
17 អស់ទាំងសាសន៍រាប់ដូចជាទទេសោះនៅចំពោះទ្រង់ ទ្រង់រាប់គេទុកដូចជាតិចជាងសូន្យទៅទៀត ហើយជាឥតប្រយោជន៍ផង។
18 ដូច្នេះ តើអ្នករាល់គ្នានឹងធៀបផ្ទឹមព្រះ ដូចជាអ្នកណា ឬប្រៀបទ្រង់នឹងភាពអ្វី