អេសាយ 40:17-23 KHOV

17 អស់​ទាំង​សាសន៍​រាប់​ដូច​ជា​ទទេ​សោះ​នៅ​ចំពោះ​ទ្រង់ ទ្រង់​រាប់​គេ​ទុក​ដូច​ជា​តិច​ជាង​សូន្យ​ទៅ​ទៀត ហើយ​ជា​ឥត​ប្រយោជន៍​ផង។

18 ដូច្នេះ តើ​អ្នក​រាល់​គ្នា​នឹង​ធៀប​ផ្ទឹម​ព្រះ ដូច​ជា​អ្នក​ណា ឬ​ប្រៀប​ទ្រង់​នឹង​ភាព​អ្វី

19 ឯ​រូប​ព្រះ គឺ​មាន​ជាង​ម្នាក់​បាន​សិត​ធ្វើ​ទេ ហើយ​ជាង​ទង គេ​ស្រោប​ដោយ​មាស ក៏​ធ្វើ​ខ្សែ​ប្រាក់​ឲ្យ​ផង

20 ចំណែក​អ្នក​ណា​ដែល​ខ្វះ‌ខាត​គ្មាន​ល្មម​នឹង​ធ្វើ​ដូច្នោះ​បាន គេ​ក៏​រើស​យក​ឈើ​ដែល​មិន​ចេះ​ពុក​វិញ គេ​រក​ជាង​មាន​ស្នាដៃ​ឲ្យ​មក​ឆ្លាក់​ធ្វើ​រូប​១​តម្កល់​ឡើង​ជាប់ មិន​ឲ្យ​ត្រូវ​រើ​ចេញ​ឡើយ

21 តើ​អ្នក​រាល់​គ្នា​មិន​បាន​ដឹង​ទេ​ឬ តើ​មិន​បាន​ឮ តើ​ឥត​មាន​អ្នក​ណា​ប្រាប់​ដល់​អ្នក​រាល់​គ្នា តាំង​ពី​ដើម​មក តើ​អ្នក​រាល់​គ្នា​មិន​បាន​យល់​សេចក្ដី តាំង​ពី​កំណើត​លោកីយ៍​រៀង​មក​ទេ​ឬ​អី

22 គឺ​ព្រះ​ដែល​គង់​ពី​លើ​រង្វង់​ផែនដី ហើយ​មនុស្ស​នៅ​ផែនដី​ប្រៀប​ដូច​ជា​កណ្តូប​វិញ គឺ​ទ្រង់​ដែល​លាត​ផ្ទៃ​មេឃ ដូច​ជា​លាត​បារាំ ហើយ​សន្ធឹង​ទៅ ដូច​ជា​ត្រសាល​សំរាប់​អាស្រ័យ​នៅ

23 ទ្រង់​ទំលាក់​ងារ​ពួក​អ្នក​គ្រប់‌គ្រង​ឲ្យ​សូន្យ​ទៅ ក៏​ធ្វើ​ឲ្យ​ពួក​ចៅ‌ក្រម​នៅ​ផែនដី​ទៅ​ជា​ឥត​ប្រយោជន៍​ដែរ