6 មានឮសំឡេង១កំពុងតែថា ចូរប្រកាសចុះ នោះមានម្នាក់សួរថា តើត្រូវឲ្យស្រែកថាដូចម្តេច ចូរថា មនុស្សជាតិទាំងឡាយប្រៀបដូចជាស្មៅ ហើយអំពើដ៏ល្អទាំងប៉ុន្មានរបស់គេក៏ដូចជាផ្កានៅទីវាល
7 ឯស្មៅក៏ស្វិតក្រៀមទៅ ហើយផ្ការោយរុះចុះ ដោយព្រោះខ្យល់នៃព្រះយេហូវ៉ាបក់មកត្រូវ ឯបណ្តាជន គេពិតដូចជាស្មៅដែរ
8 ស្មៅក៏ស្វិតក្រៀម ហើយផ្ការោយរុះចុះ តែព្រះបន្ទូលរបស់ព្រះនៃយើងរាល់គ្នាវិញ នោះស្ថិតស្ថេរនៅជាដរាប។
9 ឱអ្នកដែលនាំដំណឹងល្អ មកដល់ក្រុងស៊ីយ៉ូនអើយ ចូរឡើងទៅប្រកាសប្រាប់ពីលើភ្នំខ្ពស់ចុះ ឱអ្នកដែលនាំដំណឹងល្អមកដល់ក្រុងយេរូសាឡិមអើយ ចូរបន្លឺសំឡេងឡើងជាខ្លាំង ចូរបន្លឺឡើង កុំខ្លាចឡើយ ចូរប្រាប់ដល់ទីក្រុងនៃស្រុកយូដាទាំងប៉ុន្មានថា មើលន៍ ព្រះនៃអ្នករាល់គ្នា
10 មើល ព្រះអម្ចាស់យេហូវ៉ាទ្រង់នឹងយាងមក ដោយមានព្រះចេស្តា ហើយព្រះពាហុនៃទ្រង់នឹងកាន់កាប់ត្រួតត្រាឲ្យទ្រង់ មើល ទ្រង់នាំយករង្វាន់មកជាមួយ ហើយបំណាច់ដែលទ្រង់សងដល់គេក៏នៅចំពោះទ្រង់
11 ទ្រង់នឹងឃ្វាលហ្វូងរបស់ទ្រង់ ដូចជាអ្នកគង្វាល ទ្រង់នឹងប្រមូលអស់ទាំងកូនចៀមមកបីនៅព្រះពាហុ ហើយលើកផ្ទាប់នៅព្រះឧរា ក៏នឹងនាំពួកមេៗ ដែលមានកូនខ្ចី ទៅដោយថ្នម។
12 តើអ្នកណាបានវាល់ទឹកទាំងប៉ុន្មាន នៅក្នុងទូកដៃ ហើយវាស់ផ្ទៃមេឃដោយចំអាមដែរ ព្រមទាំងដាក់ធូលីដីទាំងអស់ចុះក្នុងរង្វាល់ ហើយថ្លឹងអស់ទាំងភ្នំធំ ដោយជញ្ជីង និងភ្នំតូចទាំងប៉ុន្មានដោយត្រាជូ