17 ពួកក្រីក្រ និងពួកកំសត់ទុគ៌ត គេរកទឹក តែគ្មានសោះ គេខះកដោយស្រេកទឹក ឯអញ គឺយេហូវ៉ា អញនឹងតបឆ្លើយនឹងគេ អញនេះ គឺជាព្រះនៃសាសន៍អ៊ីស្រាអែល អញនឹងមិនបោះបង់ចោលគេឡើយ
18 អញនឹងបើកផ្លូវទឹកឲ្យហូរនៅលើទីខ្ពស់ត្រងិល ហើយនឹងទឹកផុសនៅកណ្តាលច្រកភ្នំ អញនឹងធ្វើឲ្យទីរហោស្ថានត្រឡប់ទៅជាត្រពាំងទឹក ហើយឲ្យដីហួតហែងមានរន្ធទឹកហូរ
19 អញនឹងធ្វើឲ្យដើមតាត្រៅ ដើមនាងនួន ដើមពពាលខែ និងដើមសំរោង ដុះនៅទីរហោស្ថាន អញនឹងដាំដើមកកោះ ដើមស្រល់ ហើយនឹងដើមស្រឡៅ ជាមួយគ្នានៅទីសមុទ្រខ្សាច់
20 ដើម្បីឲ្យគេបានឃើញ ហើយដឹង ព្រមទាំងពិចារណាយល់ជាមួយគ្នាថា គឺព្រះហស្តនៃព្រះយេហូវ៉ាដែលបានសំរេចការនោះ គឺជាព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែលដែលបង្កើតឡើង។
21 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា ចូរសំដែងដើមហេតុនៃរឿងឯងមក មហាក្សត្រនៃពួកយ៉ាកុប ទ្រង់មានព្រះបន្ទូលថា ចូររ៉ាយរ៉ាប់តាមលំអានរបស់ឯងទាំងប៉ុន្មានចុះ
22 ត្រូវឲ្យគេបញ្ចេញសេចក្ដីទាំងនោះមក ហើយប្រាប់យើងរាល់គ្នាពីការដែលកើតឡើង ឲ្យបានដឹង ចូរសប្រាប់ពីកាលដែលកើតមាន កាលពីដើម ជាយ៉ាងណាផង ដើម្បីឲ្យយើងរាល់គ្នាបានពិចារណា ឲ្យដឹងចុងបំផុតនៃការទាំងនោះ ឬបង្ហាញឲ្យយើងឃើញពីការនៅខាងមុខចុះ
23 ចូរសំដែងប្រាប់ពីការដែលត្រូវកើតមកនៅខាងមុខនោះ ដើម្បីឲ្យយើងរាល់គ្នាបានដឹងថា ឯងរាល់គ្នាជាព្រះមែន អើ ចូរធ្វើការអ្វីមួយ ទោះល្អឬអាក្រក់ក្តី ដើម្បីឲ្យយើងរាល់គ្នាបានស្ងើច ហើយឃើញជាមួយគ្នា