អេសាយ 41:9-15 KHOV

9 គឺ​ឯង​ដែល​អញ​បាន​ចាប់​នាំ​មក​ពី​ចុង​ផែនដី ហើយ​បាន​ហៅ​មក​ពី​ទី​ឆ្ងាយ​បំផុត ដោយ​និយាយ​នឹង​ឯង​ថា ឯង​ជា​អ្នក​បំរើ​របស់​អញ អញ​បាន​រើស​ឯង មិន​មែន​បោះ‌បង់​ចោល​ឯង​ទេ

10 កុំ​ឲ្យ​ភ័យ​ខ្លាច​ឡើយ ដ្បិត​អញ​នៅ​ជា​មួយ​នឹង​ឯង កុំ​ឲ្យ​ស្រយុត​ចិត្ត​ឲ្យ​សោះ ពី​ព្រោះ​អញ​ជា​ព្រះ​នៃ​ឯង អញ​នឹង​ចំរើន​កំឡាំង​ដល់​ឯង អើ អញ​នឹង​ជួយ​ឯង អើ អញ​នឹង​ទ្រ​ឯង ដោយ​ដៃ​ស្តាំ​ដ៏​សុចរិត​របស់​អញ

11 មើល អស់​អ្នក​ដែល​ខឹង​ក្តៅ​ក្រហាយ​នឹង​ឯង គេ​នឹង​ត្រូវ​ខ្មាស ហើយ​ជ្រប់​មុខ​នៅ ពួក​អ្នក​ដែល​ត​តាំង​នឹង​ឯង គេ​នឹង​បាន​ដូច​ជា​ទទេ​សោះ ហើយ​នឹង​ត្រូវ​វិនាស​សូន្យ​ទៅ

12 ឯង​នឹង​រក​គេ គឺ​ពួក​អ្នក​ដែល​ត​តាំង​នឹង​ឯង​នោះ តែ​មិន​ប្រទះ​ឃើញ​ឡើយ ឯ​ពួក​អ្នក​ដែល​ច្បាំង​នឹង​ឯង គេ​នឹង​បាន​ដូច​ជា​ទទេ​សោះ ហើយ​ដូច​ជា​របស់​ដែល​គ្មាន​ផង

13 ដ្បិត​អញ​នេះ គឺ​យេហូវ៉ា​ជា​ព្រះ​នៃ​ឯង អញ​នឹង​កាន់​ដៃ​ស្តាំ​ឯង ដោយ​ពោល​នឹង​ឯង​ថា កុំ​ឲ្យ​ភ័យ​ខ្លាច​ឡើយ អញ​នឹង​ជួយ​ឯង

14 ឱ​យ៉ាកុប​ជា​ដង្កូវ​អើយ កុំ​ឲ្យ​ខ្លាច​ឡើយ ហើយ​ឯង​រាល់​គ្នា ជា​ពូជ‌ពង្ស​អ៊ីស្រា‌អែល​ដែរ ដ្បិត​ព្រះ‌យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​នឹង​ជួយ​ឯង ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​ជា​អ្នក​ប្រោស​លោះ​ឯង

15 មើល អញ​បាន​យក​ឯង​ធ្វើ​ជា​គ្រឿង​បញ្ជាន់​យ៉ាង​ថ្មី ហើយ​មុត ដែល​មាន​ធ្មេញ ឯង​នឹង​បញ្ជាន់​អស់​ទាំង​ភ្នំ​ធំ ព្រម​ទាំង​វាយ​កំទេច ហើយ​នឹង​ធ្វើ​ឲ្យ​ភ្នំ​តូច​ទាំង​ប៉ុន្មាន​ដូច​ជា​អង្កាម​ផង