អេសាយ 42:9-15 KHOV

9 មើល​ការ​ខាង​ដើម​ទាំង​ប៉ុន្មាន​បាន​កន្លង​ទៅ​ហើយ គឺ​ជា​ការ​ថ្មី ដែល​អញ​ថ្លែង​ប្រាប់​នេះ អញ​ប្រាប់​ពី​ការ​ទាំង​នោះ ដល់​ឯង​រាល់​គ្នា មុន​ដែល​កើត​មក​ផង។

10 ឯង​រាល់​គ្នា​ដែល​ចុះ​ទៅ​ឯ​សមុទ្រ ហើយ​ទាំង​អស់​ដែល​នៅ​ក្នុង​នោះ ព្រម​ទាំង​កោះ និង​ពួក​អ្នក​នៅ​កោះ​ទាំង​នោះ​ផង ចូរ​ច្រៀង​បទ​ថ្មី​ថ្វាយ​ព្រះ‌យេហូវ៉ា ហើយ​សេចក្ដី​សរសើរ​ដល់​ទ្រង់​ពី​ចុង​ផែនដី​ចុះ

11 ឯ​ទី​រហោ‌ស្ថាន និង​ទី​អាស្រ័យ​នៅ​ក្នុង​នោះ​ទាំង​ប៉ុន្មាន ចូរ​បន្លឺ​ឡើង ព្រម​ទាំង​បណ្តា​ភូមិ​ដែល​ពួក​កេដារ​នៅ​ទាំង​អស់​ផង ត្រូវ​ឲ្យ​ពួក​អ្នក​នៅ​ក្រុង​សេឡា​ច្រៀង​ឡើង ត្រូវ​ឲ្យ​គេ​ស្រែក​ពី​កំពូល​ភ្នំ​ចុះ

12 ត្រូវ​ឲ្យ​គេ​ថ្វាយ​កិត្តិសព្ទ​ដល់​ព្រះ‌យេហូវ៉ា ហើយ​បញ្ចេញ​សេចក្ដី​សរសើរ​របស់​ទ្រង់​ដល់​អស់​ទាំង​កោះ

13 ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​យាង​ចេញ​ទៅ ដូច​ជា​មនុស្ស​ខ្លាំង​ពូកែ ទ្រង់​នឹង​បណ្តាល​សេចក្ដី​ឧស្សាហ៍​ឡើង​ដូច​ជា​មនុស្ស​ថ្នឹក​ចំបាំង ទ្រង់​នឹង​ស្រែក​ឡើង អើ ទ្រង់​នឹង​ស្រែក​ជា​ខ្លាំង ហើយ​នឹង​បង្ក្រាប​ពួក​សត្រូវ​ដោយ​ឫទ្ធា‌នុភាព។

14 អញ​បាន​អត់​ទ្រាំ​ជា​យូរ​មក​ហើយ អញ​បាន​នៅ​ស្ងៀម ហើយ​បាន​ទប់​ចិត្ត ឥឡូវ​នេះ អញ​នឹង​ស្រែក​ឡើង​ដូច​ជា​ស្រី ដែល​ឈឺ​នឹង​សំរាល​កូន អញ​នឹង​ដក​ដង្ហើម​គំហុក​ចូល រួច​ទំលាយ​ចេញ​តែ​ម្តង

15 អញ​នឹង​បំផ្លាញ​ទាំង​ភ្នំ​ធំ និង​ភ្នំ​តូច ហើយ​ឲ្យ​ស្មៅ​នៅ​លើ​នោះ​ស្វិត​ក្រៀម​ទៅ អញ​នឹង​ធ្វើ​ឲ្យ​ទន្លេ​ទាំង​ប៉ុន្មាន ទៅ​ជា​កោះ​វិញ ហើយ​ឲ្យ​អស់​ទាំង​ត្រពាំង​ទឹក​រីង​គោក​ទៅ