12 អញបានទាយប្រាប់ អញបានជួយសង្គ្រោះ អញបានសំដែងឲ្យឃើញហើយ ឥតមានព្រះដទៃណានៅកណ្តាលឯងរាល់គ្នាឡើយ ហេតុដូច្នោះឯងរាល់គ្នាជាស្មរបន្ទាល់របស់អញ ហើយគឺអញនេះដែលជាព្រះ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា
13 អើ ចាប់តាំងពីមានពេលថ្ងៃឡើងវេលាណា នោះគឺជាអញនេះហើយ ឥតមានអ្នកណាអាចនឹងដោះឲ្យរួចពីដៃអញបានទេ ឯការដែលអញធ្វើ តើអ្នកណានឹងឃាត់បាន។
14 ព្រះយេហូវ៉ា ជាព្រះដ៏ប្រោសលោះឯងរាល់គ្នា គឺជាព្រះបរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលថា ដោយយល់ដល់ឯងរាល់គ្នា នោះអញចាត់មនុស្សទៅឯក្រុងបាប៊ីឡូន ហើយនឹងទំលាក់គេទាំងអស់គ្នា គេនឹងរត់រតាត់រតាយទៅ ឯពួកខាល់ដេ ក៏ចុះនាវាដែលគេយកជាទីសប្បាយរបស់គេ
15 អញនេះ គឺយេហូវ៉ា អញជាព្រះដ៏បរិសុទ្ធនៃឯងរាល់គ្នា គឺជាព្រះដែលបង្កើតសាសន៍អ៊ីស្រាអែល ហើយជាមហាក្សត្ររបស់ឯងរាល់គ្នាផង
16 ព្រះយេហូវ៉ា ដែលទ្រង់ធ្វើឲ្យមានផ្លូវក្នុងសមុទ្រ និងផ្លូវច្រកនៅទីទឹកធំ
17 ជាព្រះដែលនាំរទេះចំបាំង និងពលសេះចេញមក ព្រមទាំងកងទ័ព និងមនុស្សស្ទាត់ជំនាញផង (ពួកទាំងនោះនឹងដេកទៅទាំងអស់គ្នា ឥតក្រោកឡើងវិញឡើយ គេនឹងសាបសូន្យ ហើយត្រូវរលត់ទៅ ដូចជាប្រឆេះ) ទ្រង់មានព្រះបន្ទូលថា
18 កុំឲ្យឯងរាល់គ្នានឹងចាំពីការទាំងប៉ុន្មានដែលកន្លងទៅហើយ ឬរិះគិតពីអស់ទាំងការពីចាស់បុរាណនោះឡើយ