18 កុំឲ្យឯងរាល់គ្នានឹងចាំពីការទាំងប៉ុន្មានដែលកន្លងទៅហើយ ឬរិះគិតពីអស់ទាំងការពីចាស់បុរាណនោះឡើយ
19 មើល អញនឹងធ្វើការ១ថ្មីវិញ ការនោះនឹងលេចឡើងឥឡូវ តើឯងរាល់គ្នានឹងមិនស្គាល់ទេឬ អញនឹងធ្វើផ្លូវ១នៅទីរហោស្ថាន ហើយទន្លេនៅសមុទ្រខ្សាច់
20 ឯពួកសត្វតិរច្ឆានទាំងប៉ុន្មាននឹងសរសើរដល់អញ គឺទាំងចចក និងសត្វអូសទ្រីចផង ពីព្រោះអញឲ្យមានទឹកនៅក្នុងទីរហោស្ថាន និងទន្លេនៅសមុទ្រខ្សាច់ ដើម្បីឲ្យរាស្ត្រអញ គឺជាពួកជ្រើសរើសនោះបានទឹកផឹក
21 ជារាស្ត្រដែលអញបានជបសូនសំរាប់តែខ្លួនអញ ដើម្បីឲ្យគេបានសំដែងចេញជាសេចក្ដីសរសើររបស់អញផង។
22 ទោះបើយ៉ាងនោះ ឱពួកយ៉ាកុបអើយ គង់តែឯងមិនបានអំពាវនាវដល់អញដែរ គឺឯងបានណាយចិត្តនឹងអញវិញ ឱអ៊ីស្រាអែលអើយ
23 ឯងមិនបាននាំយកចៀមរបស់ឯង មកថ្វាយជាដង្វាយដុតដល់អញទេ ក៏មិនបានលើកមុខអញ ដោយយញ្ញបូជារបស់ឯងដែរ អញមិនបានផ្ទុកឯងដោយដង្វាយ ឬឲ្យឯងនឿយហត់ដោយដុតកំញានទេ
24 ឯងមិនបានចំណាយប្រាក់ទិញគ្រឿងក្រអូបណាឲ្យអញសោះ ក៏ មិនបានឲ្យអញឆ្អែត ដោយខ្លាញ់នៃយញ្ញបូជារបស់ឯងដែរ គឺឯងបានផ្ទុកអញដោយអំពើបាបរបស់ឯងវិញ ហើយបាននាំឲ្យអញនឿយហត់ ដោយអំពើទុច្ចរិតរបស់ឯងផង។