8 ចូរនាំមនុស្សខ្វាក់ដែលមានភ្នែក និងមនុស្សថ្លង់ដែលមានត្រចៀកចេញមក
9 ត្រូវឲ្យអស់ទាំងសាសន៍ប្រជុំគ្នា ហើយឲ្យប្រជាជាតិទាំងពួងជំនុំគ្នាចុះ ក្នុងពួកគេ តើមានអ្នកណាដែលអាចនឹងទាយពីការនេះបាន ឬអាចនឹងសំដែង ឲ្យយើងដឹងពីដំណើរ ដែលកន្លងមកហើយនោះ ចូរឲ្យគេនាំស្មរបន្ទាល់របស់គេមក ដើម្បីតាំងខ្លួនជាត្រឹមត្រូវ បើមិនដូច្នោះទេ នោះត្រូវថា នេះពិតមែនវិញ
10 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា ឯងរាល់គ្នាជាស្មរបន្ទាល់របស់អញ ហើយជាអ្នកបំរើដែលអញបានរើសតាំង ដើម្បីឲ្យបានស្គាល់ ហើយជឿដល់អញ ព្រមទាំងយល់ថា គឺអញនេះហើយ ឥតមានព្រះណាកើតមកមុនអញទេ ហើយក្រោយអញក៏ឥតមានដែរ
11 គឺអញ អញនេះហើយជាយេហូវ៉ា ក្រៅពីអញ គ្មានអ្នកសង្គ្រោះណាទៀតឡើយ
12 អញបានទាយប្រាប់ អញបានជួយសង្គ្រោះ អញបានសំដែងឲ្យឃើញហើយ ឥតមានព្រះដទៃណានៅកណ្តាលឯងរាល់គ្នាឡើយ ហេតុដូច្នោះឯងរាល់គ្នាជាស្មរបន្ទាល់របស់អញ ហើយគឺអញនេះដែលជាព្រះ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា
13 អើ ចាប់តាំងពីមានពេលថ្ងៃឡើងវេលាណា នោះគឺជាអញនេះហើយ ឥតមានអ្នកណាអាចនឹងដោះឲ្យរួចពីដៃអញបានទេ ឯការដែលអញធ្វើ តើអ្នកណានឹងឃាត់បាន។
14 ព្រះយេហូវ៉ា ជាព្រះដ៏ប្រោសលោះឯងរាល់គ្នា គឺជាព្រះបរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលថា ដោយយល់ដល់ឯងរាល់គ្នា នោះអញចាត់មនុស្សទៅឯក្រុងបាប៊ីឡូន ហើយនឹងទំលាក់គេទាំងអស់គ្នា គេនឹងរត់រតាត់រតាយទៅ ឯពួកខាល់ដេ ក៏ចុះនាវាដែលគេយកជាទីសប្បាយរបស់គេ