1 ប៉ុន្តែ ឱពួកយ៉ាកុប ជាអ្នកបំរើអញ ហើយពួកអ៊ីស្រាអែល ដែលអញបានជ្រើសរើសអើយ ចូរស្តាប់ឥឡូវចុះ
2 ព្រះយេហូវ៉ាដែលទ្រង់បានបង្កើតឯងមក ហើយបានជបសូនឯងចាប់តាំងពីនៅក្នុងផ្ទៃម្តាយ គឺជាអ្នកដែលនឹងជួយឯង ទ្រង់មានព្រះបន្ទូលដូច្នេះថា ឱពួកយ៉ាកុប ជាអ្នកបំរើអញ ហើយឯងដែរ យេស៊ូរុនដែលអញបានរើសអើយកុំឲ្យខ្លាចឡើយ
3 ដ្បិតអញនឹងចាក់ទឹកទៅលើអ្នកណាដែលកំពុងស្រេក ព្រមទាំងបង្ហូរទឹកទៅលើដីហួតហែងផង អញនឹងចាក់វិញ្ញាណអញទៅលើពូជពង្សរបស់ឯង ហើយពររបស់អញ ទៅលើកូនចៅរបស់ឯង
4 នោះគេនឹងពន្លកឡើងនៅក្នុងស្មៅ ដូចជាដើមចាកតាមមាត់ទឹក
5 អ្នក១នឹងថា ខ្ញុំនេះជារបស់ផងព្រះយេហូវ៉ា ម្នាក់ទៀតនឹងហៅខ្លួនតាមឈ្មោះយ៉ាកុប ឯម្នាក់១ទៀតនឹងចុះឈ្មោះដោយដៃខ្លួនថា ខ្ញុំជារបស់ផងព្រះយេហូវ៉ា ហើយនឹងយកឈ្មោះអ៊ីស្រាអែលជានាមត្រកូលរបស់ខ្លួន។
6 ព្រះយេហូវ៉ាដ៏ ជាមហាក្សត្រនៃសាសន៍អ៊ីស្រាអែលហើយជាអ្នកដែលប្រោសលោះគេ គឺព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលដូច្នេះថា អញជាដើម ហើយជាចុង ក្រៅពីអញគ្មានព្រះណាទៀតឡើយ