អេសាយ 44:11-17 KHOV

11 មើល ពួក​អ្នក​ដែល​គោរព​តាម នឹង​ត្រូវ​ខ្មាស​ទាំង​អស់​ដែរ ហើយ​ពួក​ជាង នោះ​គ្រាន់​តែ​ជា​មនុស្ស​ប៉ុណ្ណោះ ឲ្យ​គេ​ប្រជុំ​គ្នា រួច​ឈរ​ឡើង​ចុះ គេ​នឹង​ត្រូវ​ភ័យ ហើយ​មាន​សេចក្ដី​ខ្មាស​ទាំង​អស់​គ្នា។

12 ឯ​ជាង​ដែក គាត់​ធ្វើ​ពូថៅ​១ គាត់​ធ្វើ​ការ​ដោយ​ធ្យូង គាត់​យក​ញញួរ​ដំឡើង​ជា​រាង ទាំង​ធ្វើ​ការ​ដោយ​ដើម​ដៃ​ដ៏​មាន​កំឡាំង​របស់​ខ្លួន អើ គាត់​ក៏​ឃ្លាន ហើយ​អស់​កំឡាំង គាត់​មិន​បាន​ផឹក​ទឹក ហើយ​ក៏​ហេវ​ទៅ

13 ឯ​ជាង​ឈើ​គាត់​វាយ​បន្ទាត់ ក៏​គូរ​រាង​ដោយ​ខ្មៅ​ដៃ គាត់​ឈូស​យក​រាង ហើយ​គូស​ដោយ​ប្រពាយ រួច​ឆ្លាក់​ឲ្យ​ដូច​ជា​រូប​មនុស្ស តាម​លំអ​របស់​មនុស្ស ដើម្បី​នឹង​តាំង​នៅ​ក្នុង​ផ្ទះ

14 គាត់​កាប់​ដើម​តាត្រៅ​១ ក៏​យក​ដើម​ចន្ទន៍ ក្រឹស្នា និង​ដើម​ម៉ៃសាក់ គឺ​គាត់​រើស​យក​តែ​ឈើ​ណា​ដែល​ជាប់ៗ​នៅ​ក្នុង​ព្រៃ ឬ​គាត់​ដាំ​ដើម​ខ្វាវ​ដែល​ដុះ​លាស់​ឡើង​ដោយ‌សារ​ទឹក​ភ្លៀង

15 ទាំង​អស់​នេះ​មាន​ប្រយោជន៍​ដល់​មនុស្ស​សំរាប់​ធ្វើ​ឧស​ដុត គេ​ក៏​យក​ខ្លះ​មក​ដុត​អាំង អើ ក៏​យក​ខ្លះ​បង្កាត់​ភ្លើង​ដុត​នំបុ័ង អើ ក៏​ធ្វើ​ព្រះ​១​ឡើង រួច​ក្រាប​ថ្វាយ‌បង្គំ គឺ​គាត់​ឆ្លាក់​ធ្វើ​ជា​រូប ហើយ​ក្រាប​ចុះ​គោរព​ដល់​រូប​នោះ

16 ដូច្នេះ គាត់​យក​ខ្លះ​ធ្វើ​ឧស​ដុត ខ្លះ​ទៀត​ដុត​ធ្វើ​ម្ហូប គឺ​គាត់​អាំង​សាច់ ហើយ​ស៊ី​ឆ្អែត អើ គាត់​កំដៅ​ខ្លួន​ដែរ ដោយ​ពោល​ថា អៃយ៉ា ក្តៅ​ស្រួល​ហ្ន៎ ខ្ញុំ​អាំង​ភ្លើង​ហើយ

17 ឯ​ឈើ​ដែល​សល់ នោះ​គាត់​យក​ទៅ​ធ្វើ​ជា​រូប​ឆ្លាក់​សំរាប់​ខ្លួន ក៏​ក្រាប​ចុះ​ថ្វាយ‌បង្គំ ហើយ​អធិ‌ស្ឋាន​ដល់​រូប​នោះ​ដោយ​ពាក្យ​ថា សូម​ជួយ​សង្គ្រោះ​ខ្ញុំ​ផង ពី​ព្រោះ​លោក​ជា​ព្រះ​នៃ​ខ្ញុំ។