15 ទាំងអស់នេះមានប្រយោជន៍ដល់មនុស្សសំរាប់ធ្វើឧសដុត គេក៏យកខ្លះមកដុតអាំង អើ ក៏យកខ្លះបង្កាត់ភ្លើងដុតនំបុ័ង អើ ក៏ធ្វើព្រះ១ឡើង រួចក្រាបថ្វាយបង្គំ គឺគាត់ឆ្លាក់ធ្វើជារូប ហើយក្រាបចុះគោរពដល់រូបនោះ
16 ដូច្នេះ គាត់យកខ្លះធ្វើឧសដុត ខ្លះទៀតដុតធ្វើម្ហូប គឺគាត់អាំងសាច់ ហើយស៊ីឆ្អែត អើ គាត់កំដៅខ្លួនដែរ ដោយពោលថា អៃយ៉ា ក្តៅស្រួលហ្ន៎ ខ្ញុំអាំងភ្លើងហើយ
17 ឯឈើដែលសល់ នោះគាត់យកទៅធ្វើជារូបឆ្លាក់សំរាប់ខ្លួន ក៏ក្រាបចុះថ្វាយបង្គំ ហើយអធិស្ឋានដល់រូបនោះដោយពាក្យថា សូមជួយសង្គ្រោះខ្ញុំផង ពីព្រោះលោកជាព្រះនៃខ្ញុំ។
18 ពួកនោះមិនដឹងទេ ក៏មិនយល់សោះ ដ្បិតភ្នែកគេត្រូវបាំងមិនឲ្យមើលឃើញ ហើយចិត្តគេផង ដើម្បីមិនឲ្យយល់បាន
19 គ្មានអ្នកណាមួយនឹកឃើញ គេឥតមានដំរិះ ឬយោបល់នឹងនឹកថា ខ្លះបានយកទៅដុតហើយ ខ្លះប្រើយករងើកដុតធ្វើនំបុ័ង អើ អញបានអាំងសាច់ស៊ីផងដូច្នេះ ឈើដែលសល់នៅ តើនឹងយកទៅធ្វើជារបស់គួរស្អប់ខ្ពើមឬ តើគួរឲ្យអញក្រាបចុះចំពោះដុំឈើឬអី
20 អ្នកនោះស៊ីតែផេះទទេ ចិត្តដែលត្រូវបញ្ឆោតបាននាំគេឲ្យវង្វេង អ្នកនោះនឹងដោះព្រលឹងខ្លួនឲ្យរួចមិនបាន ក៏មិនចេះថា ខ្ញុំកាន់របស់ភូតភរនៅដៃស្តាំទេតើ នោះឡើយ។
21 ឱពួកយ៉ាកុប និងពួកអ៊ីស្រាអែលអើយ ចូរនឹកចាំពីសេចក្ដីទាំងនេះចុះ ដ្បិតឯងជាអ្នកបំរើរបស់អញ អញបានសូនបង្កើតឯង ដូច្នេះ ឯងជាអ្នកបំរើរបស់អញ ឱពួកអ៊ីស្រាអែលអើយ អញនឹងមិនភ្លេចឯងឡើយ