អេសាយ 44:16-22 KHOV

16 ដូច្នេះ គាត់​យក​ខ្លះ​ធ្វើ​ឧស​ដុត ខ្លះ​ទៀត​ដុត​ធ្វើ​ម្ហូប គឺ​គាត់​អាំង​សាច់ ហើយ​ស៊ី​ឆ្អែត អើ គាត់​កំដៅ​ខ្លួន​ដែរ ដោយ​ពោល​ថា អៃយ៉ា ក្តៅ​ស្រួល​ហ្ន៎ ខ្ញុំ​អាំង​ភ្លើង​ហើយ

17 ឯ​ឈើ​ដែល​សល់ នោះ​គាត់​យក​ទៅ​ធ្វើ​ជា​រូប​ឆ្លាក់​សំរាប់​ខ្លួន ក៏​ក្រាប​ចុះ​ថ្វាយ‌បង្គំ ហើយ​អធិ‌ស្ឋាន​ដល់​រូប​នោះ​ដោយ​ពាក្យ​ថា សូម​ជួយ​សង្គ្រោះ​ខ្ញុំ​ផង ពី​ព្រោះ​លោក​ជា​ព្រះ​នៃ​ខ្ញុំ។

18 ពួក​នោះ​មិន​ដឹង​ទេ ក៏​មិន​យល់​សោះ ដ្បិត​ភ្នែក​គេ​ត្រូវ​បាំង​មិន​ឲ្យ​មើល​ឃើញ ហើយ​ចិត្ត​គេ​ផង ដើម្បី​មិន​ឲ្យ​យល់​បាន

19 គ្មាន​អ្នក​ណា​មួយ​នឹក​ឃើញ គេ​ឥត​មាន​ដំរិះ ឬ​យោបល់​នឹង​នឹក​ថា ខ្លះ​បាន​យក​ទៅ​ដុត​ហើយ ខ្លះ​ប្រើ​យក​រងើក​ដុត​ធ្វើ​នំបុ័ង អើ អញ​បាន​អាំង​សាច់​ស៊ី​ផង​ដូច្នេះ ឈើ​ដែល​សល់​នៅ តើ​នឹង​យក​ទៅ​ធ្វើ​ជា​របស់​គួរ​ស្អប់​ខ្ពើម​ឬ តើ​គួរ​ឲ្យ​អញ​ក្រាប​ចុះ​ចំពោះ​ដុំ​ឈើ​ឬ​អី

20 អ្នក​នោះ​ស៊ី​តែ​ផេះ​ទទេ ចិត្ត​ដែល​ត្រូវ​បញ្ឆោត​បាន​នាំ​គេ​ឲ្យ​វង្វេង អ្នក​នោះ​នឹង​ដោះ​ព្រលឹង​ខ្លួន​ឲ្យ​រួច​មិន​បាន ក៏​មិន​ចេះ​ថា ខ្ញុំ​កាន់​របស់​ភូត‌ភរ​នៅ​ដៃ​ស្តាំ​ទេ​តើ នោះ​ឡើយ។

21 ឱ​ពួក​យ៉ាកុប និង​ពួក​អ៊ីស្រា‌អែល​អើយ ចូរ​នឹក​ចាំ​ពី​សេចក្ដី​ទាំង​នេះ​ចុះ ដ្បិត​ឯង​ជា​អ្នក​បំរើ​របស់​អញ អញ​បាន​សូន​បង្កើត​ឯង ដូច្នេះ ឯង​ជា​អ្នក​បំរើ​របស់​អញ ឱ​ពួក​អ៊ីស្រា‌អែល​អើយ អញ​នឹង​មិន​ភ្លេច​ឯង​ឡើយ

22 អញ​បាន​លុប​អំពើ​រំលង​របស់​ឯង​ចេញ ដូច​ជា​ពពក​យ៉ាង​ក្រាស់ និង​អំពើ​បាប​ឯង​ដូច​ជា​ពពក​ផង ចូរ​វិល​មក​ឯ​អញ​វិញ ពី​ព្រោះ​អញ​បាន​លោះ​ឯង​ហើយ