2 ព្រះយេហូវ៉ាដែលទ្រង់បានបង្កើតឯងមក ហើយបានជបសូនឯងចាប់តាំងពីនៅក្នុងផ្ទៃម្តាយ គឺជាអ្នកដែលនឹងជួយឯង ទ្រង់មានព្រះបន្ទូលដូច្នេះថា ឱពួកយ៉ាកុប ជាអ្នកបំរើអញ ហើយឯងដែរ យេស៊ូរុនដែលអញបានរើសអើយកុំឲ្យខ្លាចឡើយ
3 ដ្បិតអញនឹងចាក់ទឹកទៅលើអ្នកណាដែលកំពុងស្រេក ព្រមទាំងបង្ហូរទឹកទៅលើដីហួតហែងផង អញនឹងចាក់វិញ្ញាណអញទៅលើពូជពង្សរបស់ឯង ហើយពររបស់អញ ទៅលើកូនចៅរបស់ឯង
4 នោះគេនឹងពន្លកឡើងនៅក្នុងស្មៅ ដូចជាដើមចាកតាមមាត់ទឹក
5 អ្នក១នឹងថា ខ្ញុំនេះជារបស់ផងព្រះយេហូវ៉ា ម្នាក់ទៀតនឹងហៅខ្លួនតាមឈ្មោះយ៉ាកុប ឯម្នាក់១ទៀតនឹងចុះឈ្មោះដោយដៃខ្លួនថា ខ្ញុំជារបស់ផងព្រះយេហូវ៉ា ហើយនឹងយកឈ្មោះអ៊ីស្រាអែលជានាមត្រកូលរបស់ខ្លួន។
6 ព្រះយេហូវ៉ាដ៏ ជាមហាក្សត្រនៃសាសន៍អ៊ីស្រាអែលហើយជាអ្នកដែលប្រោសលោះគេ គឺព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលដូច្នេះថា អញជាដើម ហើយជាចុង ក្រៅពីអញគ្មានព្រះណាទៀតឡើយ
7 តើមានអ្នកណាដូចអញ ចូរឲ្យគេប្រកាសខ្លួនមក ហើយសំដែងភស្តុតាងឲ្យច្បាស់ចុះ រួចរាប់រៀបប្រាប់ឲ្យអញស្តាប់ពីអ្វីៗដែលបានកើតឡើង តាំងតែពីអញបានតាំងមនុស្សឡើង ពីកាលដើមព្រមទាំងអ្វីៗដែលកំពុងតែកើត និងអ្វីៗដែលត្រូវកើតមកទៅមុខទៀត ចូរឲ្យគេប្រាប់មកចុះ
8 កុំឲ្យភ័យឡើយ ក៏កុំឲ្យខ្លាចដែរ តើអញមិនបានប្រាប់ ហើយបង្ហាញដល់ឯងតាំងតែពីដើមមកទេឬ គឺឯរាល់គ្នាជាស្មរបន្ទាល់របស់អញ តើមានព្រះណាក្រៅពីអញឬទេ អើ គ្មានថ្មដាណាទៀតឡើយ អញមិនស្គាល់ណាមួយសោះ។