អេសាយ 44:4-10 KHOV

4 នោះ​គេ​នឹង​ពន្លក​ឡើង​នៅ​ក្នុង​ស្មៅ ដូច​ជា​ដើម​ចាក​តាម​មាត់​ទឹក

5 អ្នក​១​នឹង​ថា ខ្ញុំ​នេះ​ជា​របស់​ផង​ព្រះ‌យេហូវ៉ា ម្នាក់​ទៀត​នឹង​ហៅ​ខ្លួន​តាម​ឈ្មោះ​យ៉ាកុប ឯ​ម្នាក់​១​ទៀត​នឹង​ចុះ​ឈ្មោះ​ដោយ​ដៃ​ខ្លួន​ថា ខ្ញុំ​ជា​របស់​ផង​ព្រះ‌យេហូវ៉ា ហើយ​នឹង​យក​ឈ្មោះ​អ៊ីស្រា‌អែល​ជា​នាម​ត្រកូល​របស់​ខ្លួន។

6 ព្រះ‌យេហូវ៉ា​ដ៏ ជា​មហា‌ក្សត្រ​នៃ​សាសន៍​អ៊ីស្រា‌អែល​ហើយ​ជា​អ្នក​ដែល​ប្រោស​លោះ​គេ គឺ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា អញ​ជា​ដើម ហើយ​ជា​ចុង ក្រៅ​ពី​អញ​គ្មាន​ព្រះ​ណា​ទៀត​ឡើយ

7 តើ​មាន​អ្នក​ណា​ដូច​អញ ចូរ​ឲ្យ​គេ​ប្រកាស​ខ្លួន​មក ហើយ​សំដែង​ភស្តុ‌តាង​ឲ្យ​ច្បាស់​ចុះ រួច​រាប់‌រៀប​ប្រាប់​ឲ្យ​អញ​ស្តាប់​ពី​អ្វីៗ​ដែល​បាន​កើត​ឡើង តាំង​តែ​ពី​អញ​បាន​តាំង​មនុស្ស​ឡើង ពី​កាល​ដើម​ព្រម​ទាំង​អ្វីៗ​ដែល​កំពុង​តែ​កើត និង​អ្វីៗ​ដែល​ត្រូវ​កើត​មក​ទៅ​មុខ​ទៀត ចូរ​ឲ្យ​គេ​ប្រាប់​មក​ចុះ

8 កុំ​ឲ្យ​ភ័យ​ឡើយ ក៏​កុំ​ឲ្យ​ខ្លាច​ដែរ តើ​អញ​មិន​បាន​ប្រាប់ ហើយ​បង្ហាញ​ដល់​ឯង​តាំង​តែ​ពី​ដើម​មក​ទេ​ឬ គឺ​ឯ​រាល់​គ្នា​ជា​ស្មរ​បន្ទាល់​របស់​អញ តើ​មាន​ព្រះ​ណា​ក្រៅ​ពី​អញ​ឬ​ទេ អើ គ្មាន​ថ្មដា​ណា​ទៀត​ឡើយ អញ​មិន​ស្គាល់​ណា​មួយ​សោះ។

9 ពួក​អ្នក​ដែល​ឆ្លាក់​ធ្វើ​រូប​ព្រះ គេ​សុទ្ធ​តែ​អសារ​ឥត​ការ​ទាំង​អស់ ហើយ​របស់​ទាំង​ប៉ុន្មាន​ដែល​គេ​ចូល​ចិត្ត​នោះ ក៏​គ្មាន​ប្រយោជន៍​ដូច​គ្នា ស្មរ​បន្ទាល់​របស់​គេ​មើល​មិន​ឃើញ ក៏​មិន​ដឹង​អ្វី​ផង ជា​ការ​ដែល​នាំ​ឲ្យ​គេ​ត្រូវ​មាន​សេចក្ដី​ខ្មាស

10 តើ​អ្នក​ណា​នឹង​សូន​ធ្វើ​ព្រះ ឬ​សិត​ធ្វើ​រូប​ដែល​ឥត​មាន​ប្រយោជន៍​ដូច្នេះ