អេសាយ 44:8-14 KHOV

8 កុំ​ឲ្យ​ភ័យ​ឡើយ ក៏​កុំ​ឲ្យ​ខ្លាច​ដែរ តើ​អញ​មិន​បាន​ប្រាប់ ហើយ​បង្ហាញ​ដល់​ឯង​តាំង​តែ​ពី​ដើម​មក​ទេ​ឬ គឺ​ឯ​រាល់​គ្នា​ជា​ស្មរ​បន្ទាល់​របស់​អញ តើ​មាន​ព្រះ​ណា​ក្រៅ​ពី​អញ​ឬ​ទេ អើ គ្មាន​ថ្មដា​ណា​ទៀត​ឡើយ អញ​មិន​ស្គាល់​ណា​មួយ​សោះ។

9 ពួក​អ្នក​ដែល​ឆ្លាក់​ធ្វើ​រូប​ព្រះ គេ​សុទ្ធ​តែ​អសារ​ឥត​ការ​ទាំង​អស់ ហើយ​របស់​ទាំង​ប៉ុន្មាន​ដែល​គេ​ចូល​ចិត្ត​នោះ ក៏​គ្មាន​ប្រយោជន៍​ដូច​គ្នា ស្មរ​បន្ទាល់​របស់​គេ​មើល​មិន​ឃើញ ក៏​មិន​ដឹង​អ្វី​ផង ជា​ការ​ដែល​នាំ​ឲ្យ​គេ​ត្រូវ​មាន​សេចក្ដី​ខ្មាស

10 តើ​អ្នក​ណា​នឹង​សូន​ធ្វើ​ព្រះ ឬ​សិត​ធ្វើ​រូប​ដែល​ឥត​មាន​ប្រយោជន៍​ដូច្នេះ

11 មើល ពួក​អ្នក​ដែល​គោរព​តាម នឹង​ត្រូវ​ខ្មាស​ទាំង​អស់​ដែរ ហើយ​ពួក​ជាង នោះ​គ្រាន់​តែ​ជា​មនុស្ស​ប៉ុណ្ណោះ ឲ្យ​គេ​ប្រជុំ​គ្នា រួច​ឈរ​ឡើង​ចុះ គេ​នឹង​ត្រូវ​ភ័យ ហើយ​មាន​សេចក្ដី​ខ្មាស​ទាំង​អស់​គ្នា។

12 ឯ​ជាង​ដែក គាត់​ធ្វើ​ពូថៅ​១ គាត់​ធ្វើ​ការ​ដោយ​ធ្យូង គាត់​យក​ញញួរ​ដំឡើង​ជា​រាង ទាំង​ធ្វើ​ការ​ដោយ​ដើម​ដៃ​ដ៏​មាន​កំឡាំង​របស់​ខ្លួន អើ គាត់​ក៏​ឃ្លាន ហើយ​អស់​កំឡាំង គាត់​មិន​បាន​ផឹក​ទឹក ហើយ​ក៏​ហេវ​ទៅ

13 ឯ​ជាង​ឈើ​គាត់​វាយ​បន្ទាត់ ក៏​គូរ​រាង​ដោយ​ខ្មៅ​ដៃ គាត់​ឈូស​យក​រាង ហើយ​គូស​ដោយ​ប្រពាយ រួច​ឆ្លាក់​ឲ្យ​ដូច​ជា​រូប​មនុស្ស តាម​លំអ​របស់​មនុស្ស ដើម្បី​នឹង​តាំង​នៅ​ក្នុង​ផ្ទះ

14 គាត់​កាប់​ដើម​តាត្រៅ​១ ក៏​យក​ដើម​ចន្ទន៍ ក្រឹស្នា និង​ដើម​ម៉ៃសាក់ គឺ​គាត់​រើស​យក​តែ​ឈើ​ណា​ដែល​ជាប់ៗ​នៅ​ក្នុង​ព្រៃ ឬ​គាត់​ដាំ​ដើម​ខ្វាវ​ដែល​ដុះ​លាស់​ឡើង​ដោយ‌សារ​ទឹក​ភ្លៀង