1 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដល់ស៊ីរូស ដែលទ្រង់បានចាក់ប្រេងតាំងឡើងហើយ ជាអ្នកដែលទ្រង់កាន់ដៃស្តាំ ដើម្បីឲ្យបានបង្ក្រាបអស់ទាំងសាសន៍នៅមុខខ្លួន ហើយនឹងបន្ធូរចង្កេះពួកស្តេច ព្រមទាំងបើកទ្វារនៅមុខខ្លួន រួចទ្វារទាំងនោះនឹងមិនត្រូវបិទវិញឡើយ
2 គឺមានព្រះបន្ទូលដូច្នេះថា អញនឹងដើរទៅខាងមុខឯង ហើយនឹងពង្រាបអស់ទាំងទីរដិបរដុបឲ្យស្មើ អញនឹងបំបែកអស់ទាំងទ្វារលង្ហិនឲ្យខ្ទេចខ្ទី ហើយនឹងបំបាត់រនុកដែកដែរ
3 អញនឹងឲ្យឃ្លាំងលាក់កំបាំង និងទ្រព្យសម្បត្តិដែលកប់ទុកដល់ឯង ដើម្បីឲ្យឯងបានដឹងថា អញនេះ គឺយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ដែលហៅឯងតាមឈ្មោះ
4 អញបានហៅឯងតាមឈ្មោះឯងនេះ ដោយយល់ដល់ពួកយ៉ាកុបជាអ្នកបំរើអញ និងអ៊ីស្រាអែល ជាអ្នកដែលអញបានជ្រើសរើស អញបានកំណត់នាមត្រកូលដល់ឯងហើយ ទោះបើឯងមិនបានស្គាល់អញក៏ដោយ
5 អញនេះជាយេហូវ៉ា គ្មានព្រះណាដទៃឡើយ ក្រៅពីអញឥតមានព្រះណាទៀតសោះ អញនឹងក្រវាត់ឲ្យឯង ទោះបើឯងមិនស្គាល់អញក៏ដោយ
6 ដើម្បីឲ្យមនុស្សទាំងឡាយ ចាប់តាំងពីទិសខាងថ្ងៃរះរហូតដល់ទិសខាងថ្ងៃលិចបានដឹងថា ក្រៅពីអញគ្មានព្រះណាផ្សេងទៀតឡើយ គឺអញនេះជាព្រះយេហូវ៉ា ឥតមានព្រះណាទៀតសោះ
7 គឺអញដែលបង្កើតពន្លឺ ហើយក៏ធ្វើឲ្យមានងងឹតផង អញធ្វើឲ្យមានសន្តិសុខ ហើយឲ្យមានសេចក្ដីវេទនាដែរ គឺអញនេះហើយ ជាយេហូវ៉ា ដែលធ្វើគ្រប់ការទាំងនេះ។