11 ព្រះយេហូវ៉ា ជាព្រះដ៏បរិសុទ្ធនៃពួកសាសន៍អ៊ីស្រាអែល គឺជាព្រះដែលបង្កើតគេមក ទ្រង់មានព្រះបន្ទូលដូច្នេះថា ចូរសួរអញពីអស់ទាំងការដែលត្រូវមកខាងមុខ ចូរបង្គាប់មកអញ ពីដំណើរកូនអញទាំងប៉ុន្មាន ហើយពីដំណើរការដែលដៃអញធ្វើផង
12 អញបានរៀបចំផែនដី ហើយបង្កើតមនុស្សឲ្យអាស្រ័យនៅ គឺដៃអញដែលបានលាតផ្ទៃមេឃ ហើយអញបានបង្គាប់ដល់អស់ទាំងពលបរិវារ ដែលនៅលើស្ថាននោះដែរ
13 អញបានលើកស៊ីរូសនេះឡើងដោយសេចក្ដីសុចរិត អញនឹងធ្វើឲ្យគ្រប់ទាំងផ្លូវរបស់គេបានត្រង់ គេនឹងសង់ទីក្រុងរបស់អញឡើង ហើយនឹងលែងពួកបំបរបង់របស់អញឲ្យវិលមកវិញ មិនមែនដោយទទួលថ្លៃលោះ ឬរង្វាន់ណាទេ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។
14 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា កំរៃនៃស្រុកអេស៊ីព្ទ ហើយផលចំរើននៃពួកអេធីយ៉ូពី និងពួកសេបា ជាមនុស្សមានមាឌធំ នោះនឹងមកឯឯង ហើយខ្លួនគេនឹងបានជារបស់ផងឯងដែរ គេនឹងដើរតាមក្រោយឯង គេនឹងឆ្លងមកទាំងជាប់ច្រវាក់ ហើយទំលាក់ខ្លួនក្រាបចុះអង្វរចំពោះឯង ដោយពាក្យថា ព្រះទ្រង់គង់ជាមួយនឹងលោកជាពិត គ្មានព្រះឯណាទៀតក្រៅពីទ្រង់ឡើយ
15 ឱព្រះនៃសាសន៍អ៊ីស្រាអែល ជាព្រះដ៏ជួយសង្គ្រោះអើយ ប្រាកដជាទ្រង់ជាព្រះដែលពួនអង្គ
16 ឯអស់ពួកអ្នកដែលធ្វើរូបព្រះ គេនឹងត្រូវខ្មាស ហើយជ្រប់មុខទាំងអស់គ្នា គេនឹងត្រូវគ្របឃ្លុប ដោយសេចក្ដីអៀនខ្មាសទាំងអស់គ្នា
17 តែព្រះយេហូវ៉ាទ្រង់នឹងជួយសង្គ្រោះសាសន៍អ៊ីស្រាអែលឲ្យរួច ដោយសេចក្ដីសង្គ្រោះដ៏ស្ថិតស្ថេរអស់កល្បជានិច្ច ឯងរាល់គ្នានឹងមិនត្រូវខ្មាស ឬជ្រប់មុខដរាបដល់អស់កល្បតរៀងទៅ។