14 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា កំរៃនៃស្រុកអេស៊ីព្ទ ហើយផលចំរើននៃពួកអេធីយ៉ូពី និងពួកសេបា ជាមនុស្សមានមាឌធំ នោះនឹងមកឯឯង ហើយខ្លួនគេនឹងបានជារបស់ផងឯងដែរ គេនឹងដើរតាមក្រោយឯង គេនឹងឆ្លងមកទាំងជាប់ច្រវាក់ ហើយទំលាក់ខ្លួនក្រាបចុះអង្វរចំពោះឯង ដោយពាក្យថា ព្រះទ្រង់គង់ជាមួយនឹងលោកជាពិត គ្មានព្រះឯណាទៀតក្រៅពីទ្រង់ឡើយ
15 ឱព្រះនៃសាសន៍អ៊ីស្រាអែល ជាព្រះដ៏ជួយសង្គ្រោះអើយ ប្រាកដជាទ្រង់ជាព្រះដែលពួនអង្គ
16 ឯអស់ពួកអ្នកដែលធ្វើរូបព្រះ គេនឹងត្រូវខ្មាស ហើយជ្រប់មុខទាំងអស់គ្នា គេនឹងត្រូវគ្របឃ្លុប ដោយសេចក្ដីអៀនខ្មាសទាំងអស់គ្នា
17 តែព្រះយេហូវ៉ាទ្រង់នឹងជួយសង្គ្រោះសាសន៍អ៊ីស្រាអែលឲ្យរួច ដោយសេចក្ដីសង្គ្រោះដ៏ស្ថិតស្ថេរអស់កល្បជានិច្ច ឯងរាល់គ្នានឹងមិនត្រូវខ្មាស ឬជ្រប់មុខដរាបដល់អស់កល្បតរៀងទៅ។
18 ដ្បិតព្រះយេហូវ៉ាដែលបានបង្កើតផ្ទៃមេឃ ជាព្រះដែលទ្រង់សូនធ្វើ ហើយប្រតិស្ឋានផែនដី ក៏តាំងឡើង មិនមែនបង្កើតមកឲ្យនៅទទេទេ គឺបានជបសូនបង្កើតឲ្យជាទីអាស្រ័យនៅ ទ្រង់មានព្រះបន្ទូលដូច្នេះថា គឺអញនេះជាយេហូវ៉ា ឥតមានព្រះឯណាទៀតឡើយ
19 អញមិនបានពោលដោយសំងាត់ ក្នុងទីងងឹតនៅផែនដីទេ អញមិនបានបង្គាប់ដល់ពួកពូជពង្សនៃយ៉ាកុបថា ចូរខំស្វែងរកអញដោយពោលជាឥតប្រយោជន៍នោះទេ គឺអញ ព្រះយេហូវ៉ានេះ អញនិយាយតាមសុចរិត អញថ្លែងប្រាប់សេចក្ដីដែលត្រឹមត្រូវ។
20 ពួកអ្នកដែលរួចពីសាសន៍ដទៃអើយ ចូរមូលមក ហើយចូលឲ្យជិតចុះ ពួកអ្នកដែលលើកយកដុំឈើជារូបព្រះឆ្លាក់របស់គេទៅ ហើយអធិស្ឋានដល់ព្រះដែលជួយសង្គ្រោះខ្លួនមិនបាន នោះជាអ្នកអាប់ឥតប្រាជ្ញាទេ