អេសាយ 45:19-25 KHOV

19 អញ​មិន​បាន​ពោល​ដោយ​សំងាត់ ក្នុង​ទី​ងងឹត​នៅ​ផែនដី​ទេ អញ​មិន​បាន​បង្គាប់​ដល់​ពួក​ពូជ‌ពង្ស​នៃ​យ៉ាកុប​ថា ចូរ​ខំ​ស្វែង​រក​អញ​ដោយ​ពោល​ជា​ឥត​ប្រយោជន៍​នោះ​ទេ គឺ​អញ ព្រះ‌យេហូវ៉ា​នេះ អញ​និយាយ​តាម​សុចរិត អញ​ថ្លែង​ប្រាប់​សេចក្ដី​ដែល​ត្រឹម‌ត្រូវ។

20 ពួក​អ្នក​ដែល​រួច​ពី​សាសន៍​ដទៃ​អើយ ចូរ​មូល​មក ហើយ​ចូល​ឲ្យ​ជិត​ចុះ ពួក​អ្នក​ដែល​លើក​យក​ដុំ​ឈើ​ជា​រូប​ព្រះ​ឆ្លាក់​របស់​គេ​ទៅ ហើយ​អធិ‌ស្ឋាន​ដល់​ព្រះ​ដែល​ជួយ​សង្គ្រោះ​ខ្លួន​មិន​បាន នោះ​ជា​អ្នក​អាប់​ឥត​ប្រាជ្ញា​ទេ

21 ចូរ​ថ្លែង​ប្រាប់ ហើយ​សំដែង​ហេតុ​ចេញ​ចុះ ត្រូវ​ឲ្យ​ប្រឹក្សា​គ្នា​ផង តើ​អ្នក​ណា​បាន​ប្រាប់​ពី​ការ​នេះ ចាប់​តាំង​ពី​ចាស់​បុរាណ​មក តើ​អ្នក​ណា​បាន​ទាយ​ទុក តាំង​ពី​យូរ​មក​ហើយ តើ​មិន​មែន​អញ ជា​យេហូវ៉ា ទេ​ឬ​អី ក្រៅ​ពី​អញ គ្មាន​ព្រះ​ឯ​ណា​ទៀត ដែល​ជា​ព្រះ​សុចរិត ហើយ​ជា​ព្រះ‌អង្គ​សង្គ្រោះ​ទេ គ្មាន​ណា​មួយ​ក្រៅ​ពី​អញ​ឡើយ

22 អស់​ទាំង​មនុស្ស​នៅ​ចុង​ផែនដី​អើយ ចូរ​មើល​មក​អញ ហើយ​ទទួល​សេចក្ដី​សង្គ្រោះ​ចុះ ដ្បិត​អញ​នេះ​ជា​ព្រះ ឥត​មាន​ណា​ទៀត​ឡើយ

23 អញ​បាន​ស្បថ​ដោយ​ខ្លួន​អញ ពាក្យ​នោះ​បាន​ចេញ​ពី​មាត់​អញ ដោយ​សេចក្ដី​សុចរិត​ហើយ ក៏​មិន​ដែល​ប្រែ‌ប្រួល​ដែរ គឺ​ថា​គ្រប់​ទាំង​ជង្គង់​នឹង​លុត​ចុះ​នៅ​មុខ​អញ ហើយ​គ្រប់​ទាំង​អណ្តាត​នឹង​ស្បថ​ពី​ដំណើរ​អញ​ថា

24 សេចក្ដី​សុចរិត និង​អានុ‌ភាព នោះ​មាន​នៅ​ក្នុង​ព្រះ‌យេហូវ៉ា​តែ​១​ទេ មនុស្ស​ទាំង‌ឡាយ​នឹង​មក​ឯ​ទ្រង់ ហើយ​អស់​អ្នក​ដែល​បាន​ក្តៅ​ក្រហាយ​នឹង​ទ្រង់ គេ​នឹង​ត្រូវ​ខ្មាស​វិញ

25 ឯ​អស់​ទាំង​ពូជ‌ពង្ស​នៃ​អ៊ីស្រា‌អែល នឹង​បាន​សុចរិត​ក្នុង​ព្រះ‌យេហូវ៉ា ហើយ​គេ​នឹង​អួត​សរសើរ។