អេសាយ 45:2-8 KHOV

2 គឺ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា អញ​នឹង​ដើរ​ទៅ​ខាង​មុខ​ឯង ហើយ​នឹង​ពង្រាប​អស់​ទាំង​ទី​រដិប‌រដុប​ឲ្យ​ស្មើ អញ​នឹង​បំបែក​អស់​ទាំង​ទ្វារ​លង្ហិន​ឲ្យ​ខ្ទេច‌ខ្ទី ហើយ​នឹង​បំបាត់​រនុក​ដែក​ដែរ

3 អញ​នឹង​ឲ្យ​ឃ្លាំង​លាក់​កំបាំង និង​ទ្រព្យ‌សម្បត្តិ​ដែល​កប់​ទុក​ដល់​ឯង ដើម្បី​ឲ្យ​ឯង​បាន​ដឹង​ថា អញ​នេះ គឺ​យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ដែល​ហៅ​ឯង​តាម​ឈ្មោះ

4 អញ​បាន​ហៅ​ឯង​តាម​ឈ្មោះ​ឯង​នេះ ដោយ​យល់​ដល់​ពួក​យ៉ាកុប​ជា​អ្នក​បំរើ​អញ និង​អ៊ីស្រា‌អែល ជា​អ្នក​ដែល​អញ​បាន​ជ្រើស‌រើស អញ​បាន​កំណត់​នាម​ត្រកូល​ដល់​ឯង​ហើយ ទោះ​បើ​ឯង​មិន​បាន​ស្គាល់​អញ​ក៏​ដោយ

5 អញ​នេះ​ជា​យេហូវ៉ា គ្មាន​ព្រះ​ណា​ដទៃ​ឡើយ ក្រៅ​ពី​អញ​ឥត​មាន​ព្រះ​ណា​ទៀត​សោះ អញ​នឹង​ក្រវាត់​ឲ្យ​ឯង ទោះ​បើ​ឯង​មិន​ស្គាល់​អញ​ក៏​ដោយ

6 ដើម្បី​ឲ្យ​មនុស្ស​ទាំង‌ឡាយ ចាប់​តាំង​ពី​ទិស​ខាង​ថ្ងៃ​រះ​រហូត​ដល់​ទិស​ខាង​ថ្ងៃ​លិច​បាន​ដឹង​ថា ក្រៅ​ពី​អញ​គ្មាន​ព្រះ​ណា​ផ្សេង​ទៀត​ឡើយ គឺ​អញ​នេះ​ជា​ព្រះ‌យេហូវ៉ា ឥត​មាន​ព្រះ​ណា​ទៀត​សោះ

7 គឺ​អញ​ដែល​បង្កើត​ពន្លឺ ហើយ​ក៏​ធ្វើ​ឲ្យ​មាន​ងងឹត​ផង អញ​ធ្វើ​ឲ្យ​មាន​សន្តិ‌សុខ ហើយ​ឲ្យ​មាន​សេចក្ដី​វេទនា​ដែរ គឺ​អញ​នេះ​ហើយ ជា​យេហូវ៉ា ដែល​ធ្វើ​គ្រប់​ការ​ទាំង​នេះ។

8 ឱ​ផ្ទៃ​មេឃ​អើយ ចូរ​ស្រក់​ទឹក​ពី​លើ​មក ហើយ​ឲ្យ​ពពក​ចាក់​សេចក្ដី​សុចរិត​ចុះ​មក ចូរ​ឲ្យ​ផែនដី​ហា​ឡើង ឲ្យ​បាន​បង្កើត​ផល​ជា​សេចក្ដី​សង្គ្រោះ ហើយ​ឲ្យ​សេចក្ដី​សុចរិត​ពន្លក​ឡើង​ជា​មួយ​គ្នា ឯ​អញ គឺ​យេហូវ៉ា អញ​បាន​បង្កើត​សេចក្ដី​នោះ​ឡើង។