អេសាយ 45:5-11 KHOV

5 អញ​នេះ​ជា​យេហូវ៉ា គ្មាន​ព្រះ​ណា​ដទៃ​ឡើយ ក្រៅ​ពី​អញ​ឥត​មាន​ព្រះ​ណា​ទៀត​សោះ អញ​នឹង​ក្រវាត់​ឲ្យ​ឯង ទោះ​បើ​ឯង​មិន​ស្គាល់​អញ​ក៏​ដោយ

6 ដើម្បី​ឲ្យ​មនុស្ស​ទាំង‌ឡាយ ចាប់​តាំង​ពី​ទិស​ខាង​ថ្ងៃ​រះ​រហូត​ដល់​ទិស​ខាង​ថ្ងៃ​លិច​បាន​ដឹង​ថា ក្រៅ​ពី​អញ​គ្មាន​ព្រះ​ណា​ផ្សេង​ទៀត​ឡើយ គឺ​អញ​នេះ​ជា​ព្រះ‌យេហូវ៉ា ឥត​មាន​ព្រះ​ណា​ទៀត​សោះ

7 គឺ​អញ​ដែល​បង្កើត​ពន្លឺ ហើយ​ក៏​ធ្វើ​ឲ្យ​មាន​ងងឹត​ផង អញ​ធ្វើ​ឲ្យ​មាន​សន្តិ‌សុខ ហើយ​ឲ្យ​មាន​សេចក្ដី​វេទនា​ដែរ គឺ​អញ​នេះ​ហើយ ជា​យេហូវ៉ា ដែល​ធ្វើ​គ្រប់​ការ​ទាំង​នេះ។

8 ឱ​ផ្ទៃ​មេឃ​អើយ ចូរ​ស្រក់​ទឹក​ពី​លើ​មក ហើយ​ឲ្យ​ពពក​ចាក់​សេចក្ដី​សុចរិត​ចុះ​មក ចូរ​ឲ្យ​ផែនដី​ហា​ឡើង ឲ្យ​បាន​បង្កើត​ផល​ជា​សេចក្ដី​សង្គ្រោះ ហើយ​ឲ្យ​សេចក្ដី​សុចរិត​ពន្លក​ឡើង​ជា​មួយ​គ្នា ឯ​អញ គឺ​យេហូវ៉ា អញ​បាន​បង្កើត​សេចក្ដី​នោះ​ឡើង។

9 វេទនា​ដល់​អ្នក​ណា​ដែល​ត​តាំង​នឹង​ព្រះ ដែល​បាន​បង្កើត​ខ្លួន​មក គេ​ជា​អំបែង​ឆ្នាំង​១​នៅ​ក្នុង​អស់​ទាំង​អំបែង​នៅ​ផែនដី តើ​ដី​ឥដ្ឋ​នឹង​ប្រកែក​ចំពោះ​ជាង​ស្មូន​ថា តើ​ធ្វើ​អ្វី​ដូច្នេះ ឬ​ការ​ដែល​ឯង​ធ្វើ​នឹង​ហ៊ាន​ថា គេ​គ្មាន​ថ្វី‌ដៃ​ទេ ឬ​អី

10 វេទនា​ដល់​អ្នក​ណា ដែល​សួរ​ដល់​ឪពុក​ថា តើ​បាន​បង្កើត​អ្វី​ដូច្នេះ ឬ​ដល់​ម្តាយ​ខ្លួន​ថា តើ​បាន​សំរាល​អ្វី​មក​យ៉ាង​នេះ។

11 ព្រះ‌យេហូវ៉ា ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​ពួក​សាសន៍​អ៊ីស្រា‌អែល គឺ​ជា​ព្រះ​ដែល​បង្កើត​គេ​មក ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ចូរ​សួរ​អញ​ពី​អស់​ទាំង​ការ​ដែល​ត្រូវ​មក​ខាង​មុខ ចូរ​បង្គាប់​មក​អញ ពី​ដំណើរ​កូន​អញ​ទាំង​ប៉ុន្មាន ហើយ​ពី​ដំណើរ​ការ​ដែល​ដៃ​អញ​ធ្វើ​ផង