6 ដើម្បីឲ្យមនុស្សទាំងឡាយ ចាប់តាំងពីទិសខាងថ្ងៃរះរហូតដល់ទិសខាងថ្ងៃលិចបានដឹងថា ក្រៅពីអញគ្មានព្រះណាផ្សេងទៀតឡើយ គឺអញនេះជាព្រះយេហូវ៉ា ឥតមានព្រះណាទៀតសោះ
7 គឺអញដែលបង្កើតពន្លឺ ហើយក៏ធ្វើឲ្យមានងងឹតផង អញធ្វើឲ្យមានសន្តិសុខ ហើយឲ្យមានសេចក្ដីវេទនាដែរ គឺអញនេះហើយ ជាយេហូវ៉ា ដែលធ្វើគ្រប់ការទាំងនេះ។
8 ឱផ្ទៃមេឃអើយ ចូរស្រក់ទឹកពីលើមក ហើយឲ្យពពកចាក់សេចក្ដីសុចរិតចុះមក ចូរឲ្យផែនដីហាឡើង ឲ្យបានបង្កើតផលជាសេចក្ដីសង្គ្រោះ ហើយឲ្យសេចក្ដីសុចរិតពន្លកឡើងជាមួយគ្នា ឯអញ គឺយេហូវ៉ា អញបានបង្កើតសេចក្ដីនោះឡើង។
9 វេទនាដល់អ្នកណាដែលតតាំងនឹងព្រះ ដែលបានបង្កើតខ្លួនមក គេជាអំបែងឆ្នាំង១នៅក្នុងអស់ទាំងអំបែងនៅផែនដី តើដីឥដ្ឋនឹងប្រកែកចំពោះជាងស្មូនថា តើធ្វើអ្វីដូច្នេះ ឬការដែលឯងធ្វើនឹងហ៊ានថា គេគ្មានថ្វីដៃទេ ឬអី
10 វេទនាដល់អ្នកណា ដែលសួរដល់ឪពុកថា តើបានបង្កើតអ្វីដូច្នេះ ឬដល់ម្តាយខ្លួនថា តើបានសំរាលអ្វីមកយ៉ាងនេះ។
11 ព្រះយេហូវ៉ា ជាព្រះដ៏បរិសុទ្ធនៃពួកសាសន៍អ៊ីស្រាអែល គឺជាព្រះដែលបង្កើតគេមក ទ្រង់មានព្រះបន្ទូលដូច្នេះថា ចូរសួរអញពីអស់ទាំងការដែលត្រូវមកខាងមុខ ចូរបង្គាប់មកអញ ពីដំណើរកូនអញទាំងប៉ុន្មាន ហើយពីដំណើរការដែលដៃអញធ្វើផង
12 អញបានរៀបចំផែនដី ហើយបង្កើតមនុស្សឲ្យអាស្រ័យនៅ គឺដៃអញដែលបានលាតផ្ទៃមេឃ ហើយអញបានបង្គាប់ដល់អស់ទាំងពលបរិវារ ដែលនៅលើស្ថាននោះដែរ