7 គឺអញដែលបង្កើតពន្លឺ ហើយក៏ធ្វើឲ្យមានងងឹតផង អញធ្វើឲ្យមានសន្តិសុខ ហើយឲ្យមានសេចក្ដីវេទនាដែរ គឺអញនេះហើយ ជាយេហូវ៉ា ដែលធ្វើគ្រប់ការទាំងនេះ។
8 ឱផ្ទៃមេឃអើយ ចូរស្រក់ទឹកពីលើមក ហើយឲ្យពពកចាក់សេចក្ដីសុចរិតចុះមក ចូរឲ្យផែនដីហាឡើង ឲ្យបានបង្កើតផលជាសេចក្ដីសង្គ្រោះ ហើយឲ្យសេចក្ដីសុចរិតពន្លកឡើងជាមួយគ្នា ឯអញ គឺយេហូវ៉ា អញបានបង្កើតសេចក្ដីនោះឡើង។
9 វេទនាដល់អ្នកណាដែលតតាំងនឹងព្រះ ដែលបានបង្កើតខ្លួនមក គេជាអំបែងឆ្នាំង១នៅក្នុងអស់ទាំងអំបែងនៅផែនដី តើដីឥដ្ឋនឹងប្រកែកចំពោះជាងស្មូនថា តើធ្វើអ្វីដូច្នេះ ឬការដែលឯងធ្វើនឹងហ៊ានថា គេគ្មានថ្វីដៃទេ ឬអី
10 វេទនាដល់អ្នកណា ដែលសួរដល់ឪពុកថា តើបានបង្កើតអ្វីដូច្នេះ ឬដល់ម្តាយខ្លួនថា តើបានសំរាលអ្វីមកយ៉ាងនេះ។
11 ព្រះយេហូវ៉ា ជាព្រះដ៏បរិសុទ្ធនៃពួកសាសន៍អ៊ីស្រាអែល គឺជាព្រះដែលបង្កើតគេមក ទ្រង់មានព្រះបន្ទូលដូច្នេះថា ចូរសួរអញពីអស់ទាំងការដែលត្រូវមកខាងមុខ ចូរបង្គាប់មកអញ ពីដំណើរកូនអញទាំងប៉ុន្មាន ហើយពីដំណើរការដែលដៃអញធ្វើផង
12 អញបានរៀបចំផែនដី ហើយបង្កើតមនុស្សឲ្យអាស្រ័យនៅ គឺដៃអញដែលបានលាតផ្ទៃមេឃ ហើយអញបានបង្គាប់ដល់អស់ទាំងពលបរិវារ ដែលនៅលើស្ថាននោះដែរ
13 អញបានលើកស៊ីរូសនេះឡើងដោយសេចក្ដីសុចរិត អញនឹងធ្វើឲ្យគ្រប់ទាំងផ្លូវរបស់គេបានត្រង់ គេនឹងសង់ទីក្រុងរបស់អញឡើង ហើយនឹងលែងពួកបំបរបង់របស់អញឲ្យវិលមកវិញ មិនមែនដោយទទួលថ្លៃលោះ ឬរង្វាន់ណាទេ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។