អេសាយ 46:1-6 KHOV

1 ព្រះ‌បាល​ឱន​ចុះ​ហើយ ព្រះ‌នេបូរ​ក៏​កោង​ចុះ​ដែរ គេ​ផ្ទុក​រូប​ព្រះ​នោះ​លើ​សត្វ​ពាហនៈ និង​លើ​គោ របស់​ទាំង​នោះ​ដែល​ឯង​ដឹក​ទៅ​មក ជា​បន្ទុក​សង្កត់​យ៉ាង​ធ្ងន់​លើ​សត្វ​នឿយ​ហត់

2 វា​ឱន​ចុះ ក៏​កោង​ចុះ​ហើយ វា​ជួយ​បន្ទុក​របស់​វា​ឲ្យ​រួច​ពុំ​បាន គឺ​ទាំង​ខ្លួន​វា​ក៏​ត្រូវ​ចាប់​នាំ​ទៅ​ជា​ឈ្លើយ​ដែរ។

3 ឱ​ពួក​វង្សា​របស់​យ៉ាកុប​អើយ នឹង​អ្នក​រាល់​គ្នា​ជា​សំណល់​នៃ​វង្សា​អ៊ីស្រា‌អែល​ដែរ ជា​ពួក​ដែល​អញ​បាន​ទទួល​ជា​បន្ទុក​តាំង​ពី​កំណើត​ឯង ហើយ​បាន​បី​ឯង​តាំង​ពី​ផ្ទៃ​ម្តាយ​មក ចូរ​ស្តាប់​អញ​ចុះ

4 គឺ​អញ​នេះ​ពិត រហូត​ដល់​ឯង​ចាស់‌ជរា​ផង អញ​នឹង​បី​ឯង ដរាប​ដល់​ឯង​មាន​សក់​ស គឺ​អញ​បាន​បង្កើត ហើយ​អញ​នឹង​ទទួល​ឯង​ជា​បន្ទុក អើ អញ​នឹង​បី ហើយ​នឹង​ជួយ​ឯង​ឲ្យ​រួច​ផង

5 តើ​ឯង​រាល់​គ្នា​នឹង​ធៀប​អញ​ដូច​ជា​អ្នក​ណា និង​ផ្ទឹម​អញ​ឲ្យ​ស្មើ​នឹង​អ្នក​ណា ឬ​ប្រៀប​អញ​ឲ្យ​បាន​ដូច​ជា​អ្នក​ណា

6 ឯ​ពួក​អ្នក​ដែល​ចាយ​មាស​ពី​ថង់​ដោយ​ឥត​ស្តាយ ហើយ​ថ្លឹង​ប្រាក់​ដោយ​ជញ្ជីង គេ​ជួល​ជាង​មាស ជាង​នោះ​ក៏​ធ្វើ​ជា​ព្រះ​១​ឲ្យ​គេ រួច​គេ​ទំលាក់​ខ្លួន​ក្រាប​ចុះ ថ្វាយ‌បង្គំ​ចំពោះ​រូប​នោះ