អេសាយ 46:4-10 KHOV

4 គឺ​អញ​នេះ​ពិត រហូត​ដល់​ឯង​ចាស់‌ជរា​ផង អញ​នឹង​បី​ឯង ដរាប​ដល់​ឯង​មាន​សក់​ស គឺ​អញ​បាន​បង្កើត ហើយ​អញ​នឹង​ទទួល​ឯង​ជា​បន្ទុក អើ អញ​នឹង​បី ហើយ​នឹង​ជួយ​ឯង​ឲ្យ​រួច​ផង

5 តើ​ឯង​រាល់​គ្នា​នឹង​ធៀប​អញ​ដូច​ជា​អ្នក​ណា និង​ផ្ទឹម​អញ​ឲ្យ​ស្មើ​នឹង​អ្នក​ណា ឬ​ប្រៀប​អញ​ឲ្យ​បាន​ដូច​ជា​អ្នក​ណា

6 ឯ​ពួក​អ្នក​ដែល​ចាយ​មាស​ពី​ថង់​ដោយ​ឥត​ស្តាយ ហើយ​ថ្លឹង​ប្រាក់​ដោយ​ជញ្ជីង គេ​ជួល​ជាង​មាស ជាង​នោះ​ក៏​ធ្វើ​ជា​ព្រះ​១​ឲ្យ​គេ រួច​គេ​ទំលាក់​ខ្លួន​ក្រាប​ចុះ ថ្វាយ‌បង្គំ​ចំពោះ​រូប​នោះ

7 គេ​លី​យក​រូប​នោះ​ទៅ​តម្កល់​ទុក​នៅ​ទី​កន្លែង ហើយ​រូប​នោះ​ក៏​ឈរ​នៅ ឥត​ឃ្លាត​ចេញ​ទៅ​ឯ​ណា​ឡើយ អើ ទោះ​បើ​អ្នក​ណា​អំពាវ‌នាវ​ដល់​រូប​នោះ គង់​តែ​មិន​ចេះ​តប​ឆ្លើយ ឬ​ជួយ​សង្គ្រោះ​ឲ្យ​រួច​ពី​សេចក្ដី​ទុក្ខ​វេទនា​ទៅ​បាន​ឡើយ។

8 ចូរ​នឹក​ចាំ​ពី​សេចក្ដី​នេះ ហើយ​សំដែង​ខ្លួន​ជា​បុរស​ចុះ ម្នាល​ពួក​សៃយ​សាសន៍​អើយ ចូរ​នឹក​ពី​សេចក្ដី​នេះ​នៅ​ក្នុង​ចិត្ត​ឯង​ឡើង​វិញ

9 ចូរ​នឹក​ចាំ​ពី​ការ​ដែល​កន្លង​ទៅ​ហើយ តាំង​ពី​បុរាណ ដ្បិត​អញ​នេះ​ហើយ​ជា​ព្រះ ឥត​មាន​ណា​ទៀត​ឡើយ អញ​ជា​ព្រះ ហើយ​គ្មាន​អ្នក​ណា​ដូច​អញ​សោះ

10 តាំង​តែ​ពី​ដើម​ដំបូង អញ​រមែង​សំដែង​ប្រាប់​ពី​ការ​ដែល​ត្រូវ​មក​ខាង​ចុង​បំផុត ហើយ​តាំង​ពី​ចាស់​បុរាណ​ក៏​ប្រាប់​ពី​ការ​ដែល​មិន​ទាន់​មាន​មក​ដែរ ដោយ​ពាក្យ​ថា គំនិត​សំរេច​របស់​អញ​នឹង​ស្ថិត‌ស្ថេរ​នៅ អញ​នឹង​ធ្វើ​តាម​បំណង​ចិត្ត​អញ​គ្រប់​ប្រការ