5 តើឯងរាល់គ្នានឹងធៀបអញដូចជាអ្នកណា និងផ្ទឹមអញឲ្យស្មើនឹងអ្នកណា ឬប្រៀបអញឲ្យបានដូចជាអ្នកណា
6 ឯពួកអ្នកដែលចាយមាសពីថង់ដោយឥតស្តាយ ហើយថ្លឹងប្រាក់ដោយជញ្ជីង គេជួលជាងមាស ជាងនោះក៏ធ្វើជាព្រះ១ឲ្យគេ រួចគេទំលាក់ខ្លួនក្រាបចុះ ថ្វាយបង្គំចំពោះរូបនោះ
7 គេលីយករូបនោះទៅតម្កល់ទុកនៅទីកន្លែង ហើយរូបនោះក៏ឈរនៅ ឥតឃ្លាតចេញទៅឯណាឡើយ អើ ទោះបើអ្នកណាអំពាវនាវដល់រូបនោះ គង់តែមិនចេះតបឆ្លើយ ឬជួយសង្គ្រោះឲ្យរួចពីសេចក្ដីទុក្ខវេទនាទៅបានឡើយ។
8 ចូរនឹកចាំពីសេចក្ដីនេះ ហើយសំដែងខ្លួនជាបុរសចុះ ម្នាលពួកសៃយសាសន៍អើយ ចូរនឹកពីសេចក្ដីនេះនៅក្នុងចិត្តឯងឡើងវិញ
9 ចូរនឹកចាំពីការដែលកន្លងទៅហើយ តាំងពីបុរាណ ដ្បិតអញនេះហើយជាព្រះ ឥតមានណាទៀតឡើយ អញជាព្រះ ហើយគ្មានអ្នកណាដូចអញសោះ
10 តាំងតែពីដើមដំបូង អញរមែងសំដែងប្រាប់ពីការដែលត្រូវមកខាងចុងបំផុត ហើយតាំងពីចាស់បុរាណក៏ប្រាប់ពីការដែលមិនទាន់មានមកដែរ ដោយពាក្យថា គំនិតសំរេចរបស់អញនឹងស្ថិតស្ថេរនៅ អញនឹងធ្វើតាមបំណងចិត្តអញគ្រប់ប្រការ
11 អញបានហៅឥន្ទ្រី១មកពីទិសខាងកើត ជាមនុស្សដែលនឹងសំរេចតាមគំនិតរបស់អញ ឲ្យមកពីស្រុកឆ្ងាយ អើ អញបានចេញវាចាហើយ អញនឹងធ្វើឲ្យការនោះកើតឡើងផង អញបានគិតសំរេចស្រេចហើយ អញនឹងធ្វើការនោះឯង។