1 ឱនាងក្រមុំ ជាកូននៃក្រុងបាប៊ីឡូនអើយ ចូរចុះមកអង្គុយនៅធូលីដី ឪកូនស្រីនៃសាសន៍ខាល់ដេអើយ ចូរអង្គុយនៅដី ឥតមានបល្ល័ង្កចុះ ដ្បិតគេនឹងលែងហៅឯងថា ជាអ្នកល្វន់ល្វត ហើយទន់ភ្លន់ទៀត
2 ចូរយកត្បាល់កិន ហើយកិនម្សៅទៅ ត្រូវឲ្យដោះស្បៃឯងចេញ ហើយបកសំលៀកឯងចុះ ចូរសើយសំពត់ឯងឡើងលុយកាត់ទន្លេទៅ
3 កាយអាក្រាតរបស់ឯងនឹងត្រូវបើកចំហ អើ គេនឹងឃើញកេរខ្មាសឯងផង អញនឹងសងសឹក ឥតប្រណីដល់អ្នកណាឡើយ
4 ឯព្រះដែលប្រោសលោះយើង ទ្រង់ព្រះនាមជាព្រះយេហូវ៉ានៃពួកពលបរិវារ គឺជាព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល