6 អញបានក្រោធចំពោះរាស្ត្ររបស់អញ ក៏បានឲ្យមរដកអញត្រូវទាបចុះ ព្រមទាំងប្រគល់គេទៅ ក្នុងកណ្តាប់ដៃរបស់ឯង ឯឯងមិនបានអាណិតមេត្តាដល់គេទេ ឯងបានដាក់នឹមឯងទៅលើពួកចាស់ៗយ៉ាងធ្ងន់
7 ហើយបានគិតថា ឯងនឹងធ្វើជាម្ចាស់ជាដរាបទៅ បានជាឯងមិនបានយកចិត្តទុកដាក់នឹងសេចក្ដីទាំងនេះ ក៏មិនបានគិតដល់ចុងបំផុតដែរ។
8 ដូច្នេះ ចូរស្តាប់សេចក្ដីនេះឥឡូវ ឯងដែលអាល័យតែលេងសប្បាយ ហើយនៅដោយឥតកង្វល់ ឯងនឹកក្នុងចិត្តថា គឺអញនេះហើយ ឥតមានអ្នកណាទៀតឡើយ អញនឹងមិនដែលអង្គុយជាស្រីមេម៉ាយ ក៏មិនដែលស្គាល់ការប្រាសចាកកូនឡើយ
9 តែសេចក្ដីទាំង២មុខនេះនឹងកើតដល់ឯងជា១រំពេច នៅថ្ងៃដដែល គឺទាំងការប្រោសចាកកូន ហើយនៅជាមេម៉ាយផង នោះនឹងកើតដល់ឯងពេញទី ទោះបើឯងមានរបៀនជាច្រើន ហើយវេទមន្តជាបរិបូរយ៉ាងណាក៏ដោយ
10 ពីព្រោះឯងបានទុកចិត្តនឹងអំពើកំណាចរបស់ឯង ឯងបានគិតថា គ្មានអ្នកណាឃើញឯងទេ ឯប្រាជ្ញា និងចំណេះរបស់ឯង នោះបានបង្ខូចចិត្តឯងហើយ ឯងបាននឹកក្នុងចិត្តថា គឺអញនេះហើយ ឥតមានអ្នកណាទៀតឡើយ
11 ដោយហេតុនោះនឹងមានការអាក្រក់កើតដល់ឯង ដែលឯងនឹងមិនដឹងជាកើតមកពីណាផង ហើយនឹងមានសេចក្ដីវេទនាធ្លាក់មកលើឯង ដែលឯងនឹងបង្វែរចេញមិនបានឡើយ ក៏នឹងមានសេចក្ដីវិនាសលោមកលើឯងភ្លាម ជាសេចក្ដីដែលឯងនឹងមិនដែលបានស្គាល់ឡើយ។
12 ចូរឈរឡើងឥឡូវ ដោយពឹងដល់វេទមន្ត និងរបៀនរបស់ឯងដែលមានជាច្រើននោះ ជាវិជ្ជាដែលឯងបានខំប្រព្រឹត្តតាម តាំងតែពីក្មេងមក ហើយលមើលបើឯងនឹងបានប្រយោជន៍ណាខ្លះ ឬបើឯងនឹងអាចឈ្នះបាន