អេសាយ 47:9-15 KHOV

9 តែ​សេចក្ដី​ទាំង​២​មុខ​នេះ​នឹង​កើត​ដល់​ឯង​ជា​១​រំពេច នៅ​ថ្ងៃ​ដដែល គឺ​ទាំង​ការ​ប្រោស​ចាក​កូន ហើយ​នៅ​ជា​មេម៉ាយ​ផង នោះ​នឹង​កើត​ដល់​ឯង​ពេញ​ទី ទោះ​បើ​ឯង​មាន​របៀន​ជា​ច្រើន ហើយ​វេទ‌មន្ត​ជា​បរិបូរ​យ៉ាង​ណា​ក៏​ដោយ

10 ពី​ព្រោះ​ឯង​បាន​ទុក​ចិត្ត​នឹង​អំពើ​កំណាច​របស់​ឯង ឯង​បាន​គិត​ថា គ្មាន​អ្នក​ណា​ឃើញ​ឯង​ទេ ឯ​ប្រាជ្ញា និង​ចំណេះ​របស់​ឯង នោះ​បាន​បង្ខូច​ចិត្ត​ឯង​ហើយ ឯង​បាន​នឹក​ក្នុង​ចិត្ត​ថា គឺ​អញ​នេះ​ហើយ ឥត​មាន​អ្នក​ណា​ទៀត​ឡើយ

11 ដោយ​ហេតុ​នោះ​នឹង​មាន​ការ​អាក្រក់​កើត​ដល់​ឯង ដែល​ឯង​នឹង​មិន​ដឹង​ជា​កើត​មក​ពី​ណា​ផង ហើយ​នឹង​មាន​សេចក្ដី​វេទនា​ធ្លាក់​មក​លើ​ឯង ដែល​ឯង​នឹង​បង្វែរ​ចេញ​មិន​បាន​ឡើយ ក៏​នឹង​មាន​សេចក្ដី​វិនាស​លោ​មក​លើ​ឯង​ភ្លាម ជា​សេចក្ដី​ដែល​ឯង​នឹង​មិន​ដែល​បាន​ស្គាល់​ឡើយ។

12 ចូរ​ឈរ​ឡើង​ឥឡូវ ដោយ​ពឹង​ដល់​វេទ‌មន្ត និង​របៀន​របស់​ឯង​ដែល​មាន​ជា​ច្រើន​នោះ ជា​វិជ្ជា​ដែល​ឯង​បាន​ខំ​ប្រព្រឹត្ត​តាម តាំង​តែ​ពី​ក្មេង​មក ហើយ​ល​មើល​បើ​ឯង​នឹង​បាន​ប្រយោជន៍​ណា​ខ្លះ ឬ​បើ​ឯង​នឹង​អាច​ឈ្នះ​បាន

13 ឯង​បាន​ណាយ​ចិត្ត​ហើយ ដោយ​សេចក្ដី​ប្រឹក្សា​ដ៏​បរិបូរ​របស់​ឯង ចូរ​ឲ្យ​ពួក​គ្រូ​ទាយ ពួក​គ្រូ​ជតា‌រាសី និង​ពួក​គ្រូ​ទាយ​ដោយ​ខែ​ពេញ​បូណ៌ ឈរ​ឡើង​ឥឡូវ ហើយ​ជួយ​សង្គ្រោះ​ឯង​ឲ្យ​រួច​ពី​ការ​ដែល​ត្រូវ​មក​លើ​ឯង​ចុះ

14 មើល គេ​នឹង​បាន​ដូច​ជា​ជញ្ជ្រាំង ភ្លើង​នឹង​ឆេះ​គេ​អស់​ទៅ គេ​នឹង​ដោះ​ខ្លួន​ឲ្យ​រួច​ពី​អំណាច​ភ្លើង​មិន​បាន ភ្លើង​នោះ​នឹង​មិន​បាន​ជា​រងើក ដែល​គ្រាន់​តែ​ល្មម​នឹង​អាំង​កំដៅ​ខ្លួន ឬ​ជា​ភ្លើង​ដែល​នឹង​អង្គុយ​ជុំវិញ​ប៉ុណ្ណោះ​ទេ

15 របស់​ទាំង​ប៉ុន្មាន​ដែល​ឯង​បាន​ខំ​តាម​នោះ នឹង​បាន​ដូច្នោះ​ឯង ហើយ​ពួក​អ្នក​ដែល​បាន​ខំ​តាម​ជា​មួយ​នឹង​ឯង​តាំង​តែ​ពី​ក្មេង​មក គេ​នឹង​ងេង‌ងោង​ទៅ​តាម​ផ្លូវ​របស់​គេ​រៀង​ខ្លួន ហើយ​នឹង​គ្មាន​អ្នក​ណា​សំរាប់​ជួយ​សង្គ្រោះ​ឯង​ឡើយ។