1 ចូរស្តាប់សេចក្ដីនេះ ឱពួកវង្សយ៉ាកុបអើយ ជាពួកអ្នកដែលបានហៅតាមឈ្មោះអ៊ីស្រាអែល ហើយបានចេញពីទឹករបស់យូដាមក ជាពួកអ្នកដែលស្បថដោយព្រះនាមព្រះយេហូវ៉ា ព្រមទាំងដំណាលពីព្រះនៃសាសន៍អ៊ីស្រាអែលផង តែមិនមែនដោយស្មោះចំពោះ ឬដោយសុចរិតទេ
2 (ពីព្រោះគេហៅខ្លួន ជាអ្នកក្រុងបរិសុទ្ធ ហើយផ្អែកទៅលើព្រះនៃសាសន៍អ៊ីស្រាអែល ដែលព្រះនាមទ្រង់ ជាព្រះយេហូវ៉ានៃពួកពលបរិវារ)
3 ឯការដែលបានកើតឡើងតាំងតែពីដើមមក នោះអញបានថ្លែងប្រាប់ចាប់តាំងពីបុរាណហើយ អើ សេចក្ដីនោះបានចេញពីមាត់អញទៅ ហើយអញបានសំដែងច្បាស់ ឯការទាំងនោះ អញបានធ្វើភ្លាម១រំពេច ដូច្នេះ ការទាំងនោះបានកើតឡើងហើយ
4 ដ្បិតអញបានដឹងថា ឯងជាមនុស្សរឹងចចេស ហើយមានកដូចជាចំរ៉ឹងដែក ឯថ្ងាសឯងក៏ជាលង្ហិន
5 ហេតុនោះបានជាអញថ្លែងប្រាប់សេចក្ដីនោះដល់ឯងតាំងពីបុរាណ ហើយបានបង្ហាញឲ្យឯងដឹងមុនដែលការនោះកើតមកផង ក្រែងឯងនិយាយថា គឺជារូបព្រះរបស់ឯងដែលធ្វើការនោះវិញ ហើយរូបឆ្លាក់ និងរូបសិតរបស់ឯង ដែលបង្គាប់ការនោះឡើង
6 ឯងបានឮហើយ ចូរពិចារណាការទាំងនេះចុះ ឯឯង តើមិនព្រមថ្លែងប្រាប់ដែរឬ ឥឡូវនេះ អញបានបង្ហាញឲ្យឯងឃើញការថ្មីទៀត គឺជាការលាក់កំបាំងដែលឯងមិនបានស្គាល់ផង