10 មើល អញបានសំរងឯង តែមិនមែនដូចជាសំរងប្រាក់ទេ គឺអញបានរើសឯងនៅក្នុងឡនៃសេចក្ដីវេទនាវិញ
11 អញនឹងធ្វើការនោះ ដោយយល់ដល់ខ្លួនអញ គឺដោយយល់ដល់ខ្លួនអញហើយ ដ្បិតធ្វើដូចម្តេចឲ្យឈ្មោះអញត្រូវបង្អាប់បាន ឯសិរីល្អរបស់អញៗមិនព្រមលើកឲ្យទៅអ្នកដទៃឡើយ។
12 ឱពួកយ៉ាកុប និងអ៊ីស្រាអែល ជាអ្នកដែលអញបានហៅអើយ ចូរស្តាប់អញចុះ គឺអញនេះហើយ អញជាដើម ហើយជាចុងដែរ
13 អើ ដៃអញបានដាក់ឫសនៃផែនដី ហើយដៃស្តាំរបស់អញបានលាតផ្ទៃមេឃ កាលណាអញហៅ នោះទាំង២ក៏ឈរឡើងជាមួយគ្នា
14 ចូរឲ្យឯងរាល់គ្នាប្រជុំទាំងអស់ ហើយស្តាប់ចុះ ក្នុងពួកគេតើមានអ្នកណាដែលថ្លែងប្រាប់ពីការទាំងនេះឬ អ្នក១នោះដែលព្រះយេហូវ៉ាទ្រង់ស្រឡាញ់ គេនឹងសំរេចដល់ក្រុងបាប៊ីឡូន តាមបំណងព្រះហឫទ័យទ្រង់ ដៃរបស់គេនឹងសង្កត់លើពួកខាល់ដេ
15 អញ គឺអញនេះហើយ អញបានពោល អើ អញបានហៅគេ អញបាននាំគេមក ហើយគេនឹងបញ្ជឿនការខ្លួនឲ្យកើតឡើងផង
16 ចូរឲ្យឯងរាល់គ្នាចូលមកជិតអញ ហើយស្តាប់សេចក្ដីនេះចុះ តាំងតែពីដើមដំបូងមក អញមិនបាននិយាយដោយសំងាត់ទេ តាំងពីការនោះចាប់ផ្តើមកើតឡើង នោះអញក៏មាននៅហើយ ឥឡូវនេះ ព្រះអម្ចាស់យេហូវ៉ាទ្រង់បានចាត់ខ្ញុំជាមួយនឹងព្រះវិញ្ញាណទ្រង់ឲ្យមក។