17 ព្រះយេហូវ៉ា ជាព្រះដ៏ប្រោសលោះឯង គឺជាព្រះបរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលដូច្នេះថា អញនេះ គឺយេហូវ៉ា ជាព្រះនៃឯង ជាអ្នកដែលបង្រៀនឲ្យឯងបានទទួលប្រយោជន៍ ហើយក៏នាំឯងទៅក្នុងផ្លូវដែលឯងគួរដើរ
18 ឱបើឯងបានស្តាប់តាមបញ្ញត្តទាំងប៉ុន្មានរបស់អញទៅអេះ នោះសេចក្ដីសុខរបស់ឯងនឹងបានដូចជាទន្លេ សេចក្ដីសុចរិតរបស់ឯង នឹងបានដូចជារលកនៃសមុទ្រហើយ
19 ឯពូជពង្សឯងក៏នឹងបានច្រើនដូចជាខ្សាច់ ហើយផលដែលកើតពីឯងមក នោះនឹងបានដូចជាគ្រាប់ខ្សាច់ទាំងប៉ុន្មាន ឯឈ្មោះគេក៏មិនត្រូវកាត់ចេញ ឬបំផ្លាញពីមុខអញឡើយ។
20 ចូរចេញពីក្រុងបាប៊ីឡូនទៅ ហើយរត់ពីកណ្តាលពួកខាល់ដេចេញ ចូរប្រកាសប្រាប់ ដោយឡើងសំឡេងច្រៀង ចូរថ្លែងពីរឿងនេះ ហើយបញ្ជូនរហូតដល់ចុងផែនដីផង ចូរប្រាប់ថា ព្រះយេហូវ៉ាទ្រង់បានប្រោសលោះពួកយ៉ាកុប ជាអ្នកបំរើទ្រង់ហើយ
21 គេមិនបានស្រេកឡើយ កំពុងដែលទ្រង់នាំគេដើរកាត់សមុទ្រខ្សាច់ គឺទ្រង់បានធ្វើឲ្យមានទឹកហូរចេញពីថ្មដាសំរាប់គេ ទ្រង់ក៏បំប្រេះថ្មដា ឲ្យទឹកផុសចេញមក
22 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា គ្មានសេចក្ដីសុខសោះ ដល់ពួកមនុស្សដែលប្រព្រឹត្តអាក្រក់។