1 ម្នាលកោះទាំងឡាយអើយ ចូរស្តាប់អញចុះ ឱប្រជាជាតិទាំងប៉ុន្មាននៅឆ្ងាយអើយ ចូរប្រុងស្តាប់ចុះ ព្រះយេហូវ៉ាទ្រង់បានហៅខ្ញុំ តាំងពីផ្ទៃម្តាយ ទ្រង់បានដំណាលពីឈ្មោះខ្ញុំ តាំងពីនៅក្នុងពោះម្តាយមក
2 ទ្រង់បានធ្វើឲ្យមាត់ខ្ញុំបានដូចជាដាវដ៏មុត ក៏បានលាក់ខ្ញុំនៅក្រោមម្លប់នៃព្រះហស្តទ្រង់ ក៏បានធ្វើឲ្យខ្ញុំដូចជាតួព្រួញដែលខាត់រំលីង ព្រមទាំងដាក់ខ្ញុំទុកភ្ជិតនៅក្នុងបំពង់ព្រួញរបស់ទ្រង់
3 ទ្រង់បានមានព្រះបន្ទូលមកខ្ញុំថា ឯងជាអ្នកបំរើរបស់អញ គឺអ៊ីស្រាអែល ដែលអញនឹងបានសិរីល្អដោយសារឯង
4 តែខ្ញុំបានពោលថា ខ្ញុំបានខំប្រឹងធ្វើជាឥតប្រយោជន៍ ខ្ញុំបានបង់កំឡាំងខ្ញុំទៅទទេៗជាអសារឥតការ ប៉ុន្តែសេចក្ដីយុត្តិធម៌ដែលគួរដល់ខ្ញុំ នោះនៅនឹងព្រះយេហូវ៉ា ហើយរង្វាន់របស់ខ្ញុំក៏នៅនឹងព្រះនៃខ្ញុំដែរ។