អេសាយ 49:1-6 KHOV

1 ម្នាល​កោះ​ទាំង‌ឡាយ​អើយ ចូរ​ស្តាប់​អញ​ចុះ ឱ​ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​នៅ​ឆ្ងាយ​អើយ ចូរ​ប្រុង​ស្តាប់​ចុះ ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ហៅ​ខ្ញុំ តាំង​ពី​ផ្ទៃ​ម្តាយ ទ្រង់​បាន​ដំណាល​ពី​ឈ្មោះ​ខ្ញុំ តាំង​ពី​នៅ​ក្នុង​ពោះ​ម្តាយ​មក

2 ទ្រង់​បាន​ធ្វើ​ឲ្យ​មាត់​ខ្ញុំ​បាន​ដូច​ជា​ដាវ​ដ៏​មុត ក៏​បាន​លាក់​ខ្ញុំ​នៅ​ក្រោម​ម្លប់​នៃ​ព្រះ‌ហស្ត​ទ្រង់ ក៏​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ដូច​ជា​តួ​ព្រួញ​ដែល​ខាត់​រំលីង ព្រម​ទាំង​ដាក់​ខ្ញុំ​ទុក​ភ្ជិត​នៅ​ក្នុង​បំពង់​ព្រួញ​របស់​ទ្រង់

3 ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា ឯង​ជា​អ្នក​បំរើ​របស់​អញ គឺ​អ៊ីស្រា‌អែល ដែល​អញ​នឹង​បាន​សិរី‌ល្អ​ដោយ‌សារ​ឯង

4 តែ​ខ្ញុំ​បាន​ពោល​ថា ខ្ញុំ​បាន​ខំ​ប្រឹង​ធ្វើ​ជា​ឥត​ប្រយោជន៍ ខ្ញុំ​បាន​បង់​កំឡាំង​ខ្ញុំ​ទៅ​ទទេៗ​ជា​អសារ​ឥត​ការ ប៉ុន្តែ​សេចក្ដី​យុត្តិ‌ធម៌​ដែល​គួរ​ដល់​ខ្ញុំ នោះ​នៅ​នឹង​ព្រះ‌យេហូវ៉ា ហើយ​រង្វាន់​របស់​ខ្ញុំ​ក៏​នៅ​នឹង​ព្រះ​នៃ​ខ្ញុំ​ដែរ។

5 ឥឡូវ​នេះ ទ្រង់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ គឺ​ព្រះ‌យេហូវ៉ា ជា​ព្រះ​ដែល​ជប​បង្កើត​ខ្ញុំ​នៅ​ក្នុង​ផ្ទៃ​ម្តាយ ដើម្បី​ឲ្យ​បាន​ធ្វើ​ជា​អ្នក​បំរើ​ទ្រង់​សំរាប់​នឹង​នាំ​ពួក​យ៉ាកុប​មក​ឯ​ទ្រង់​វិញ ហើយ​ឲ្យ​ពួក​អ៊ីស្រា‌អែល​បាន​មូល​មក​ឯ​ទ្រង់ ដ្បិត​ខ្ញុំ​ជា​ទី​រាប់‌អាន​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ហើយ​ព្រះ​នៃ​ខ្ញុំ​ទ្រង់​ជា​កំឡាំង​នៃ​ខ្ញុំ

6 អើ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ការ​ដែល​ឯង​ធ្វើ​ជា​អ្នក​បំរើ​របស់​អញ ដើម្បី​លើក​អស់​ទាំង​ពូជ​អំបូរ​នៃ​យ៉ាកុប​ឡើង ហើយ​នឹង​នាំ​ពួក​បំរុង​ទុក​ក្នុង​សាសន៍​អ៊ីស្រា‌អែល​ឲ្យ​មក​វិញ នោះ​ជា​ការ​តិច‌តួច​ពេក​ដល់​ឯង អញ​នឹង​បន្ថែម​ការ​នេះ​ឲ្យ​ឯង​បាន​ធ្វើ​ជា​ពន្លឺ​ដល់​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន​ទៀត ដើម្បី​ឲ្យ​ឯង​បាន​ធ្វើ​ជា​អ្នក​ជួយ​សង្គ្រោះ​របស់​អញ រហូត​ដល់​ចុង​ផែនដី​បំផុត