13 ឱផ្ទៃមេឃអើយ ចូរច្រៀងឡើង ឱផែនដីអើយ ចូរឲ្យអរសប្បាយចុះ ឱភ្នំទាំងឡាយអើយ ចូរធ្លាយចេញជាបទចំរៀង ពីព្រោះព្រះយេហូវ៉ាទ្រង់បានកំសាន្តចិត្តរាស្ត្រទ្រង់ហើយ ទ្រង់នឹងមានព្រះហឫទ័យអាណិតអាសូរដល់ពួករបស់ទ្រង់ដែលត្រូវរងទុក្ខវេទនាផង។
14 តែក្រុងស៊ីយ៉ូនបានថា ព្រះយេហូវ៉ាទ្រង់បានបោះបង់ចោលខ្ញុំទេ គឺព្រះអម្ចាស់ទ្រង់បានភ្លេចខ្ញុំហើយ
15 ចុះតើស្ត្រីនឹងភ្លេចកូនដែលកំពុងបៅដោះ ឥតមានអាណិតដល់កូនដែលចេញពីផ្ទៃខ្លួនមកបានដែរឬ អើ គេនឹងភ្លេចបាន ប៉ុន្តែអញមិនដែលភ្លេចឯងឡើយ
16 មើល អញបានចារឹកឯងទុកនៅផ្ទៃបាតដៃរបស់អញហើយ អស់ទាំងកំផែងឯងនៅចំពោះភ្នែកអញជានិច្ច
17 ពួកកូនចៅរបស់ឯងនឹងប្រញាប់ឡើង ពួកដែលបំផ្លាញឯង ហើយពួកដែលរំលាងឯង គេនឹងចេញពីឯងទៅ
18 ចូរងើបភ្នែកឡើងមើលជុំវិញចុះ ពួកទាំងនេះគេមូលគ្នាចូលមកឯឯង ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ អញស្បថនឹងជីវិតអញថា ប្រាកដជាឯងនឹងបានប្រដាប់កាយដោយអ្នកទាំងនោះ ដូចជាពាក់គ្រឿងលំអ ហើយក្រវាត់ខ្លួន ដោយអ្នកទាំងនោះ ដូចជាប្រពន្ធថ្មោងថ្មីដែលតែងខ្លួនដែរ
19 ដ្បិតឯទីកន្លែងដែលរំលាង ហើយចោលស្ងាត់ និងស្រុកឯងដែលត្រូវបំផ្លាញនោះ ឥឡូវនេះនឹងបានជាទីចង្អៀតណែន ដល់ពួកអ្នកដែលអាស្រ័យនៅវិញ ហើយពួកអ្នកដែលបានលេបឯង គេនឹងនៅឆ្ងាយពីឯងហើយ