អេសាយ 49:16-22 KHOV

16 មើល អញ​បាន​ចារឹក​ឯង​ទុក​នៅ​ផ្ទៃ​បាត​ដៃ​របស់​អញ​ហើយ អស់​ទាំង​កំផែង​ឯង​នៅ​ចំពោះ​ភ្នែក​អញ​ជានិច្ច

17 ពួក​កូន​ចៅ​របស់​ឯង​នឹង​ប្រញាប់​ឡើង ពួក​ដែល​បំផ្លាញ​ឯង ហើយ​ពួក​ដែល​រំលាង​ឯង គេ​នឹង​ចេញ​ពី​ឯង​ទៅ

18 ចូរ​ងើប​ភ្នែក​ឡើង​មើល​ជុំវិញ​ចុះ ពួក​ទាំង​នេះ​គេ​មូល​គ្នា​ចូល​មក​ឯ​ឯង ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ អញ​ស្បថ​នឹង​ជីវិត​អញ​ថា ប្រាកដ​ជា​ឯង​នឹង​បាន​ប្រដាប់​កាយ​ដោយ​អ្នក​ទាំង​នោះ ដូច​ជា​ពាក់​គ្រឿង​លំអ ហើយ​ក្រវាត់​ខ្លួន ដោយ​អ្នក​ទាំង​នោះ ដូច​ជា​ប្រពន្ធ​ថ្មោង‌ថ្មី​ដែល​តែង​ខ្លួន​ដែរ

19 ដ្បិត​ឯ​ទី​កន្លែង​ដែល​រំលាង ហើយ​ចោល​ស្ងាត់ និង​ស្រុក​ឯង​ដែល​ត្រូវ​បំផ្លាញ​នោះ ឥឡូវ​នេះ​នឹង​បាន​ជា​ទី​ចង្អៀត​ណែន ដល់​ពួក​អ្នក​ដែល​អាស្រ័យ​នៅ​វិញ ហើយ​ពួក​អ្នក​ដែល​បាន​លេប​ឯង គេ​នឹង​នៅ​ឆ្ងាយ​ពី​ឯង​ហើយ

20 ពួក​កូន​ចៅ​ឯង​ដែល​កើត​ក្នុង​សេចក្ដី​ទុក្ខ​លំបាក​របស់​ឯង គេ​នឹង​និយាយ​ដាក់​ត្រចៀក​ឯង​ថា ទី​នេះ​ចង្អៀត​ដល់​យើង​ខ្ញុំ​ណាស់ សូម​ឲ្យ​មាន​ទី​អាស្រ័យ​នៅ​ផង

21 នោះ​ឯង​នឹង​នឹក​ក្នុង​ចិត្ត​ថា តើ​អ្នក​ណា​បាន​បង្កើត​កូន​ទាំង​នេះ​ឲ្យ​អញ ដ្បិត​អញ​បាន​បាត់​កូន​ចៅ​អញ​អស់​ទៅ ហើយ​អញ​ក៏​នៅ​ឯក​ឯង​ដូច្នេះ គឺ​ជា​អ្នក​ដែល​ត្រូវ​បំបរ‌បង់ ហើយ​ដើរ​រសាត់‌ព្រាត់​ផង តើ​អ្នក​ណា​បាន​ចិញ្ចឹម​កូន​ទាំង​នេះ មើល អញ​បាន​ត្រូវ​ចោល​នៅ​តែ​ឯង ដូច្នេះ តើ​កូន​ទាំង​នេះ​បាន​នៅ​ឯ​ណា។

22 ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មើល អញ​នឹង​បោយ​ដៃ​ហៅ​អស់​ទាំង​សាសន៍ ហើយ​នឹង​លើក​ទង់‌ជ័យ​អញ​ឡើង សំរាប់​ប្រជា‌ជាតិ​ទាំង‌ឡាយ រួច​គេ​នឹង​បី​យក​កូន​ប្រុសៗ​របស់​ឯង​មក ហើយ​នឹង​បញ្ជិះ​កូន​ស្រីៗ​របស់​ឯង​នៅ​លើ​ស្មា​គេ