21 នោះឯងនឹងនឹកក្នុងចិត្តថា តើអ្នកណាបានបង្កើតកូនទាំងនេះឲ្យអញ ដ្បិតអញបានបាត់កូនចៅអញអស់ទៅ ហើយអញក៏នៅឯកឯងដូច្នេះ គឺជាអ្នកដែលត្រូវបំបរបង់ ហើយដើររសាត់ព្រាត់ផង តើអ្នកណាបានចិញ្ចឹមកូនទាំងនេះ មើល អញបានត្រូវចោលនៅតែឯង ដូច្នេះ តើកូនទាំងនេះបាននៅឯណា។
22 ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលថា មើល អញនឹងបោយដៃហៅអស់ទាំងសាសន៍ ហើយនឹងលើកទង់ជ័យអញឡើង សំរាប់ប្រជាជាតិទាំងឡាយ រួចគេនឹងបីយកកូនប្រុសៗរបស់ឯងមក ហើយនឹងបញ្ជិះកូនស្រីៗរបស់ឯងនៅលើស្មាគេ
23 ពួកមហាក្សត្រនឹងធ្វើជាឪពុកចិញ្ចឹមឯង ហើយពួកអគ្គមហេសីនឹងធ្វើជាម្តាយបំបៅឯង គេនឹងក្រាបផ្កាប់មុខដល់ដីនៅមុខឯង ហើយនឹងលិទ្ធធូលីដីដែលជាប់ជើងឯង នោះឯងនឹងដឹងថា អញនេះជាព្រះយេហូវ៉ា ហើយអស់អ្នកដែលសង្ឃឹមដល់អញនឹងមិនត្រូវខ្មាសឡើយ។
24 តើនឹងឆក់យករបឹបពីអ្នកខ្លាំងពូកែ ឬដោះពួកឈ្លើយ ដែលចាប់មកតាមច្បាប់ចេញបានឬទេ
25 តែព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ទោះទាំងពួកឈ្លើយរបស់មនុស្សខ្លាំងពូកែក៏នឹងត្រូវឆក់យកទៅ ហើយរបឹបរបស់ពួកគួរស្ញែងខ្លាចនឹងបានដោះចេញផង ដ្បិតអញនឹងតតាំងចំពោះអ្នកដែលតតាំងនឹងឯង ហើយអញនឹងជួយសង្គ្រោះកូនចៅឯងដែរ
26 អញនឹងធ្វើឲ្យពួកអ្នកដែលសង្កត់សង្កិនឯងត្រូវស៊ីសាច់របស់ខ្លួនគេវិញ ហើយគេនឹងត្រូវស្រវឹងដោយឈាមរបស់ខ្លួន ដូចជាស្រវឹងដោយស្រាទំពាំងបាយជូរថ្មី នោះគ្រប់ទាំងមនុស្សនឹងដឹងថា អញនេះ គឺយេហូវ៉ា ជាព្រះអង្គសង្គ្រោះនៃឯង ហើយជាព្រះដ៏ប្រោសលោះឯង គឺជាព្រះដ៏មានឥទ្ធិឫទ្ធិនៃយ៉ាកុប។