6 អើ ទ្រង់មានព្រះបន្ទូលថា ការដែលឯងធ្វើជាអ្នកបំរើរបស់អញ ដើម្បីលើកអស់ទាំងពូជអំបូរនៃយ៉ាកុបឡើង ហើយនឹងនាំពួកបំរុងទុកក្នុងសាសន៍អ៊ីស្រាអែលឲ្យមកវិញ នោះជាការតិចតួចពេកដល់ឯង អញនឹងបន្ថែមការនេះឲ្យឯងបានធ្វើជាពន្លឺដល់សាសន៍ដទៃទាំងប៉ុន្មានទៀត ដើម្បីឲ្យឯងបានធ្វើជាអ្នកជួយសង្គ្រោះរបស់អញ រហូតដល់ចុងផែនដីបំផុត
7 ព្រះយេហូវ៉ា ជាព្រះដ៏ប្រោសលោះសាសន៍អ៊ីស្រាអែល ហើយជាព្រះដ៏បរិសុទ្ធនៃគេ ទ្រង់មានព្រះបន្ទូលដូច្នេះដល់អ្នកនោះ ដែលមនុស្សទាំងឡាយមិនអើពើ ដែលជាទីស្អប់ខ្ពើមដល់សាសន៍នេះ គឺជាអ្នកបំរើរបស់ពួកអ្នកដែលគ្រប់គ្រងថា បណ្តាក្សត្រនឹងឃើញ ហើយក្រោកឈរឡើង ព្រមទាំងពួកចៅហ្វាយដែរ គេនឹងក្រាបថ្វាយបង្គំដោយព្រោះព្រះយេហូវ៉ា ទ្រង់ជាព្រះដ៏ស្មោះត្រង់ គឺជាព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ដែលទ្រង់បានរើសឯង។
8 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ដល់វេលាដែលគាប់ចិត្តអញ នោះអញបានឆ្លើយដល់ឯង ហើយនៅថ្ងៃសំរាប់សង្គ្រោះ នោះអញបានជួយឯង អញនឹងទំនុកបំរុងឯង ហើយតាំងឯងឡើងទុកជាសេចក្ដីសញ្ញាដល់បណ្តាជន ប្រយោជន៍នឹងរៀបចំផែនដីឡើង ឲ្យគេបានគ្រងទី ដែលចោលស្ងាត់ ទុកជាមរដក
9 ព្រមទាំងប្រាប់ដល់ពួកអ្នកដែលជាប់ចំណងថា ចូរចេញទៅ ហើយដល់ពួកអ្នកដែលនៅក្នុងសេចក្ដីងងឹតថា ចូរសំដែងខ្លួនចេញមកចុះ គេនឹងមានអាហារស៊ីតាមផ្លូវ ហើយនៅលើកំពូលត្រងិលទាំងប៉ុន្មាន នឹងបានជាទីរកស៊ីដល់គេ
10 គេនឹងមិនដែលស្រេកឃ្លានទៀត ឯចំហាយក្តៅ ឬព្រះអាទិត្យ នឹងមិនធ្វើទុក្ខគេ ដ្បិតព្រះដែលផ្តល់សេចក្ដីមេត្តាដល់គេ ទ្រង់នឹងនាំគេទៅ អើ ទ្រង់នឹងដឹកដៃគេនាំទៅតាមទីមានក្បាលទឹក
11 អញនឹងធ្វើអស់ទាំងភ្នំរបស់អញឲ្យជាផ្លូវ ឯអស់ទាំងថ្នល់របស់អញ នឹងបានលើកឡើង
12 មើលពួកនេះនឹងមកពីទីចំងាយ ហើយមើល ពួកនោះនឹងមកពីទិសខាងជើង និងពីទិសខាងលិច ហើយពួក១នេះពីស្រុកស៊ីនីម