8 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ដល់វេលាដែលគាប់ចិត្តអញ នោះអញបានឆ្លើយដល់ឯង ហើយនៅថ្ងៃសំរាប់សង្គ្រោះ នោះអញបានជួយឯង អញនឹងទំនុកបំរុងឯង ហើយតាំងឯងឡើងទុកជាសេចក្ដីសញ្ញាដល់បណ្តាជន ប្រយោជន៍នឹងរៀបចំផែនដីឡើង ឲ្យគេបានគ្រងទី ដែលចោលស្ងាត់ ទុកជាមរដក
9 ព្រមទាំងប្រាប់ដល់ពួកអ្នកដែលជាប់ចំណងថា ចូរចេញទៅ ហើយដល់ពួកអ្នកដែលនៅក្នុងសេចក្ដីងងឹតថា ចូរសំដែងខ្លួនចេញមកចុះ គេនឹងមានអាហារស៊ីតាមផ្លូវ ហើយនៅលើកំពូលត្រងិលទាំងប៉ុន្មាន នឹងបានជាទីរកស៊ីដល់គេ
10 គេនឹងមិនដែលស្រេកឃ្លានទៀត ឯចំហាយក្តៅ ឬព្រះអាទិត្យ នឹងមិនធ្វើទុក្ខគេ ដ្បិតព្រះដែលផ្តល់សេចក្ដីមេត្តាដល់គេ ទ្រង់នឹងនាំគេទៅ អើ ទ្រង់នឹងដឹកដៃគេនាំទៅតាមទីមានក្បាលទឹក
11 អញនឹងធ្វើអស់ទាំងភ្នំរបស់អញឲ្យជាផ្លូវ ឯអស់ទាំងថ្នល់របស់អញ នឹងបានលើកឡើង
12 មើលពួកនេះនឹងមកពីទីចំងាយ ហើយមើល ពួកនោះនឹងមកពីទិសខាងជើង និងពីទិសខាងលិច ហើយពួក១នេះពីស្រុកស៊ីនីម
13 ឱផ្ទៃមេឃអើយ ចូរច្រៀងឡើង ឱផែនដីអើយ ចូរឲ្យអរសប្បាយចុះ ឱភ្នំទាំងឡាយអើយ ចូរធ្លាយចេញជាបទចំរៀង ពីព្រោះព្រះយេហូវ៉ាទ្រង់បានកំសាន្តចិត្តរាស្ត្រទ្រង់ហើយ ទ្រង់នឹងមានព្រះហឫទ័យអាណិតអាសូរដល់ពួករបស់ទ្រង់ដែលត្រូវរងទុក្ខវេទនាផង។
14 តែក្រុងស៊ីយ៉ូនបានថា ព្រះយេហូវ៉ាទ្រង់បានបោះបង់ចោលខ្ញុំទេ គឺព្រះអម្ចាស់ទ្រង់បានភ្លេចខ្ញុំហើយ