អេសាយ 5:10-16 KHOV

10 ដ្បិត​ចំការ​ទំហំ​១០​រ៉ៃ​នឹង​បាន​ទឹក​ទំពាំង‌បាយ‌ជូរ​តែ​២​ប៉ោត ហើយ​ពូជ​ពង្រោះ​១០​ថាំង​នឹង​ច្រូត​បាន​តែ​១​ថាំង​ទេ។

11 វេទនា​ដល់​ពួក​អ្នក ដែល​ក្រោក​ឡើង ពី​ព្រលឹម​ស្រាង ដើម្បី​តែ​នឹង​រក​គ្រឿង​ស្រវឹង ហើយ​អត់​ងងុយ​ដរាប​ដល់​យប់​ជ្រៅ ទាល់​តែ​ឆេះ​រោល‌រាល ដោយ‌សារ​ស្រា​ទំពាំង‌បាយ‌ជូរ

12 ជា​ពួក​អ្នក​ដែល​មាន​ស៊ុង ពិណ ក្រាប់ ខ្លុយ និង​ស្រា​ទំពាំង‌បាយ‌ជូរ​ក្នុង​ការ​ស៊ី‌លៀង​របស់​គេ តែ​គេ​មិន​យក​ចិត្ត​ទុក​ដាក់ ចំពោះ​ស្នាដៃ​របស់​ព្រះ‌យេហូវ៉ា​ទេ ក៏​មិន​ពិចារណា​ពី​ការ​ដែល​ព្រះ‌ហស្ត​ទ្រង់​ធ្វើ​ដែរ។

13 ហេតុ​នោះ​បាន​ជា​រាស្ត្រ​របស់​អញ បាន​ត្រូវ​ចាប់​ទៅ​ជា​ឈ្លើយ គឺ​ដោយ​ព្រោះ​គេ​ខ្វះ​ប្រាជ្ញា ពួក​អ្នក​រុងរឿង​ត្រូវ​អត់‌ឃ្លាន​រហិត‌រហៃ​ទៅ ហើយ​ពួក​បណ្តា‌ជន​ណែន‌ណាន់​ក៏​ខះ​ក​ដោយ​ស្រេក​ទឹក

14 ដូច្នេះ ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​បាន​រីក​ធំ​ឡើង ព្រម​ទាំង​ហា​មាត់​ជា​ធំ​ហួស​ប្រមាណ ឯ​ពួក​រុងរឿង​ឧត្តម ពួក​ណែន‌ណាន់​តាន់‌តាប់ ពួក​អ៊ឹក‌ធឹក និង​ពួក​អ្នក​ដែល​រីក‌រាយ​សប្បាយ​ក្នុង​ពួក​គេ ក៏​ចុះ​ទៅ​ឯ​ស្ថាន​នោះ

15 មនុស្ស​ជាន់​ទាប​ត្រូវ​ឱន​ចុះ ហើយ​មនុស្ស​ជាន់​ខ្ពស់​ក៏​ត្រូវ​បន្ទាប​ដែរ ឯ​ភ្នែក​របស់​អ្នក​មាន​ឫក​ខ្ពស់​នឹង​ត្រូវ​សំយុង​ជ្រប់

16 តែ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​បាន​ដំកើង​ឡើង​ដោយ​សេចក្ដី​យុត្តិ‌ធម៌ គឺ​ព្រះ​ដ៏​បរិសុទ្ធ ទ្រង់​បាន​រាប់​ជា​បរិសុទ្ធ​ដោយ​សេចក្ដី​សុចរិត​វិញ