12 ជាពួកអ្នកដែលមានស៊ុង ពិណ ក្រាប់ ខ្លុយ និងស្រាទំពាំងបាយជូរក្នុងការស៊ីលៀងរបស់គេ តែគេមិនយកចិត្តទុកដាក់ ចំពោះស្នាដៃរបស់ព្រះយេហូវ៉ាទេ ក៏មិនពិចារណាពីការដែលព្រះហស្តទ្រង់ធ្វើដែរ។
13 ហេតុនោះបានជារាស្ត្ររបស់អញ បានត្រូវចាប់ទៅជាឈ្លើយ គឺដោយព្រោះគេខ្វះប្រាជ្ញា ពួកអ្នករុងរឿងត្រូវអត់ឃ្លានរហិតរហៃទៅ ហើយពួកបណ្តាជនណែនណាន់ក៏ខះកដោយស្រេកទឹក
14 ដូច្នេះ ស្ថានឃុំព្រលឹងមនុស្សស្លាប់បានរីកធំឡើង ព្រមទាំងហាមាត់ជាធំហួសប្រមាណ ឯពួករុងរឿងឧត្តម ពួកណែនណាន់តាន់តាប់ ពួកអ៊ឹកធឹក និងពួកអ្នកដែលរីករាយសប្បាយក្នុងពួកគេ ក៏ចុះទៅឯស្ថាននោះ
15 មនុស្សជាន់ទាបត្រូវឱនចុះ ហើយមនុស្សជាន់ខ្ពស់ក៏ត្រូវបន្ទាបដែរ ឯភ្នែករបស់អ្នកមានឫកខ្ពស់នឹងត្រូវសំយុងជ្រប់
16 តែព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់បានដំកើងឡើងដោយសេចក្ដីយុត្តិធម៌ គឺព្រះដ៏បរិសុទ្ធ ទ្រង់បានរាប់ជាបរិសុទ្ធដោយសេចក្ដីសុចរិតវិញ
17 នៅគ្រានោះកូនចៀមនឹងរកស៊ីនៅគ្រប់កន្លែង ដូចជានៅវាលស្មៅរបស់វា ឯមនុស្សដទៃគេនឹងត្របាក់លេបទ្រព្យសម្បត្តិបាក់បែករបស់ពួកអ្នកស្តុកស្តម្ភ។
18 វេទនាដល់ពួកអ្នក ដែលអូសទាញសេចក្ដីទុច្ចរិត ដោយខ្សែជាសេចក្ដីភូតភរ ហើយអំពើបាប ដោយខ្សែលាមរទេះ