អេសាយ 5:17-23 KHOV

17 នៅ​គ្រា​នោះ​កូន​ចៀម​នឹង​រក​ស៊ី​នៅ​គ្រប់​កន្លែង ដូច​ជា​នៅ​វាល​ស្មៅ​របស់​វា ឯ​មនុស្ស​ដទៃ​គេ​នឹង​ត្របាក់​លេប​ទ្រព្យ‌សម្បត្តិ​បាក់​បែក​របស់​ពួក​អ្នក​ស្តុក‌ស្តម្ភ។

18 វេទនា​ដល់​ពួក​អ្នក ដែល​អូស‌ទាញ​សេចក្ដី​ទុច្ចរិត ដោយ​ខ្សែ​ជា​សេចក្ដី​ភូត‌ភរ ហើយ​អំពើ​បាប ដោយ​ខ្សែ​លាម​រទេះ

19 ជា​ពួក​អ្នក​ដែល​ថា ចូរ​ឲ្យ​ទ្រង់​ប្រញាប់​ឡើង​ឲ្យ​ទ្រង់​បង្ហើយ​ការ​ឲ្យ​ឆាប់​ចុះ ដើម្បី​ឲ្យ​យើង​បាន​ឃើញ​នឹង​ភ្នែក ចូរ​ឲ្យ​គំនិត​របស់​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល​ចូល​មក​ជិត ហើយ​មក​ដល់​ចុះ ឲ្យ​យើង​បាន​ស្គាល់​ផង។

20 វេទនា​ដល់​ពួក​អ្នក ដែល​រាប់​សេចក្ដី​អាក្រក់​ថា ជា​ល្អ ហើយ​សេចក្ដី​ល្អ​ថា​ជា​អាក្រក់​វិញ ជា​ពួក​អ្នក​ដែល​យក​សេចក្ដី​ងងឹត​ជា​ពន្លឺ ហើយ​យក​ពន្លឺ​ជា​ងងឹត ក៏​យក​សេចក្ដី​ជូរ​ចត់​ជា​ផ្អែម ហើយ​យក​ផ្អែម​ជា​ជូរ​ចត់​វិញ

21 វេទនា​ដល់​ពួក​អ្នក​ដែល​រាប់​ខ្លួន​ថា ជា​មាន​ប្រាជ្ញា ហើយ​ស្មាន​ថា​ខ្លួន​គេ​មាន​គំនិត​ស្រួច

22 វេទនា​ដល់​ពួក​អ្នក​ដែល​ប៉ិន‌ប្រសប់​នឹង​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ និង​អ្នក​ដែល​ខ្លាំង​ពូកែ​ក្នុង​ការ​លាយ​គ្រឿង​ស្រវឹង

23 ជា​ពួក​អ្នក​ដែល​ស៊ី​សំណូក ដើម្បី​រាប់​មនុស្ស​អាក្រក់​ថា​ជា​សុចរិត​វិញ ហើយ​ដក​សេចក្ដី​សុចរិត​របស់​មនុស្ស​សុចរិត​ចេញ។