23 ជាពួកអ្នកដែលស៊ីសំណូក ដើម្បីរាប់មនុស្សអាក្រក់ថាជាសុចរិតវិញ ហើយដកសេចក្ដីសុចរិតរបស់មនុស្សសុចរិតចេញ។
24 ហេតុដូច្នោះ បែបដូចជាអណ្តាតភ្លើងឆេះបន្សុសជញ្ជ្រាំង ហើយស្មៅក្រៀមស្រុតចុះក្នុងភ្លើងយ៉ាងណា នោះឫសរបស់ពួកអ្នកទាំងនោះនឹងបានដូចជាអ្វីដែលពុករលួយ ហើយផ្ការបស់គេនឹងហុយឡើង ដូចជាធូលីយ៉ាងនោះដែរ ដ្បិតគេបានលះចោលបញ្ញត្តច្បាប់របស់ព្រះយេហូវ៉ានៃពួកពលបរិវារ ព្រមទាំងមើលងាយចំពោះព្រះបន្ទូលរបស់ព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែលផង
25 ហេតុនោះសេចក្ដីខ្ញាល់របស់ព្រះយេហូវ៉ា បានឆេះឡើងទាស់នឹងរាស្ត្រនៃទ្រង់ ហើយទ្រង់បានលូកព្រះហស្តមកវាយគេ ឯភ្នំទាំងប៉ុន្មានក៏ញ័រ ហើយខ្មោចគេបានត្រឡប់ដូចជាសំរាមនៅកណ្តាលផ្លូវទាំងប៉ុន្មាន ទោះបើយ៉ាងនោះក៏ដោយ គង់តែសេចក្ដីខ្ញាល់របស់ទ្រង់មិនទាន់បែរចេញទាំងអស់ទៅដែរ គឺព្រះហស្តទ្រង់ចេះតែលូកមកទៀត។
26 ទ្រង់នឹងលើកទង់ជ័យសំរាប់ពួកសាសន៍ដែលនៅទីឆ្ងាយ ហើយនឹងហួចហៅឲ្យមកពីចុងផែនដី នោះពួកខ្មាំងនឹងខំសង្វាតមកដោយប្រញាប់
27 ឥតមានអ្នកណាមួយអស់កំឡាំង ឬចំពប់ជើងឡើយ ឥតមានអ្នកណាមួយងុយងោក ឬដេកលក់ ក៏ឥតមានអ្នកណាមួយបន្ធូរខ្សែក្រវាត់ ឬស្រាយខ្សែស្បែកជើងដែរ
28 ជាពួកអ្នកដែលមានព្រួញមុតណាស់ ហើយធ្នូទាំងអស់ក៏ដំឡើងជាស្រេច ឯក្រចកសេះ នោះនឹងបានរាប់ជាថ្មភ្លើង ហើយកង់រទេះរបស់គេក៏ដូចជាខ្យល់កួច
29 សូរសន្ធឹករបស់ពួកនោះនឹងបានដូចជាសូរគ្រហឹមរបស់មេសិង្ហ គេនឹងគ្រហឹមដូចជាកូនសិង្ហ អើ គេនឹងគ្រហឹម ហើយចាប់រំពាយកទៅ ឥតមានអ្នកណាជួយឲ្យរួចបានឡើយ