24 ហេតុដូច្នោះ បែបដូចជាអណ្តាតភ្លើងឆេះបន្សុសជញ្ជ្រាំង ហើយស្មៅក្រៀមស្រុតចុះក្នុងភ្លើងយ៉ាងណា នោះឫសរបស់ពួកអ្នកទាំងនោះនឹងបានដូចជាអ្វីដែលពុករលួយ ហើយផ្ការបស់គេនឹងហុយឡើង ដូចជាធូលីយ៉ាងនោះដែរ ដ្បិតគេបានលះចោលបញ្ញត្តច្បាប់របស់ព្រះយេហូវ៉ានៃពួកពលបរិវារ ព្រមទាំងមើលងាយចំពោះព្រះបន្ទូលរបស់ព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែលផង
25 ហេតុនោះសេចក្ដីខ្ញាល់របស់ព្រះយេហូវ៉ា បានឆេះឡើងទាស់នឹងរាស្ត្រនៃទ្រង់ ហើយទ្រង់បានលូកព្រះហស្តមកវាយគេ ឯភ្នំទាំងប៉ុន្មានក៏ញ័រ ហើយខ្មោចគេបានត្រឡប់ដូចជាសំរាមនៅកណ្តាលផ្លូវទាំងប៉ុន្មាន ទោះបើយ៉ាងនោះក៏ដោយ គង់តែសេចក្ដីខ្ញាល់របស់ទ្រង់មិនទាន់បែរចេញទាំងអស់ទៅដែរ គឺព្រះហស្តទ្រង់ចេះតែលូកមកទៀត។
26 ទ្រង់នឹងលើកទង់ជ័យសំរាប់ពួកសាសន៍ដែលនៅទីឆ្ងាយ ហើយនឹងហួចហៅឲ្យមកពីចុងផែនដី នោះពួកខ្មាំងនឹងខំសង្វាតមកដោយប្រញាប់
27 ឥតមានអ្នកណាមួយអស់កំឡាំង ឬចំពប់ជើងឡើយ ឥតមានអ្នកណាមួយងុយងោក ឬដេកលក់ ក៏ឥតមានអ្នកណាមួយបន្ធូរខ្សែក្រវាត់ ឬស្រាយខ្សែស្បែកជើងដែរ
28 ជាពួកអ្នកដែលមានព្រួញមុតណាស់ ហើយធ្នូទាំងអស់ក៏ដំឡើងជាស្រេច ឯក្រចកសេះ នោះនឹងបានរាប់ជាថ្មភ្លើង ហើយកង់រទេះរបស់គេក៏ដូចជាខ្យល់កួច
29 សូរសន្ធឹករបស់ពួកនោះនឹងបានដូចជាសូរគ្រហឹមរបស់មេសិង្ហ គេនឹងគ្រហឹមដូចជាកូនសិង្ហ អើ គេនឹងគ្រហឹម ហើយចាប់រំពាយកទៅ ឥតមានអ្នកណាជួយឲ្យរួចបានឡើយ
30 នៅគ្រានោះ គេនឹងគ្រហឹមដាក់ពួកអ្នកទាំងនោះឲ្យឮ ដូចជាសូរគ្រាំគ្រេងនៃសមុទ្រ ហើយបើអ្នកណាមើលទៅក្នុងស្រុក នោះនឹងឃើញមានតែងងឹត និងសេចក្ដីវេទនាទទេ ហើយពន្លឺដែលនៅលើមេឃនឹងងងឹតសូន្យទៅដែរ។