អេសាយ 5:25-30 KHOV

25 ហេតុ​នោះ​សេចក្ដី​ខ្ញាល់​របស់​ព្រះ‌យេហូវ៉ា បាន​ឆេះ​ឡើង​ទាស់​នឹង​រាស្ត្រ​នៃ​ទ្រង់ ហើយ​ទ្រង់​បាន​លូក​ព្រះ‌ហស្ត​មក​វាយ​គេ ឯ​ភ្នំ​ទាំង​ប៉ុន្មាន​ក៏​ញ័រ ហើយ​ខ្មោច​គេ​បាន​ត្រឡប់​ដូច​ជា​សំរាម​នៅ​កណ្តាល​ផ្លូវ​ទាំង​ប៉ុន្មាន ទោះ​បើ​យ៉ាង​នោះ​ក៏​ដោយ គង់​តែ​សេចក្ដី​ខ្ញាល់​របស់​ទ្រង់​មិន​ទាន់​បែរ​ចេញ​ទាំង​អស់​ទៅ​ដែរ គឺ​ព្រះ‌ហស្ត​ទ្រង់​ចេះ​តែ​លូក​មក​ទៀត។

26 ទ្រង់​នឹង​លើក​ទង់‌ជ័យ​សំរាប់​ពួក​សាសន៍​ដែល​នៅ​ទី​ឆ្ងាយ ហើយ​នឹង​ហួច​ហៅ​ឲ្យ​មក​ពី​ចុង​ផែនដី នោះ​ពួក​ខ្មាំង​នឹង​ខំ​សង្វាត​មក​ដោយ​ប្រញាប់

27 ឥត​មាន​អ្នក​ណា​មួយ​អស់​កំឡាំង ឬ​ចំពប់​ជើង​ឡើយ ឥត​មាន​អ្នក​ណា​មួយ​ងុយ‌ងោក ឬ​ដេក​លក់ ក៏​ឥត​មាន​អ្នក​ណា​មួយ​បន្ធូរ​ខ្សែ​ក្រវាត់ ឬ​ស្រាយ​ខ្សែ​ស្បែក​ជើង​ដែរ

28 ជា​ពួក​អ្នក​ដែល​មាន​ព្រួញ​មុត​ណាស់ ហើយ​ធ្នូ​ទាំង​អស់​ក៏​ដំឡើង​ជា​ស្រេច ឯ​ក្រចក​សេះ នោះ​នឹង​បាន​រាប់​ជា​ថ្ម​ភ្លើង ហើយ​កង់​រទេះ​របស់​គេ​ក៏​ដូច​ជា​ខ្យល់​កួច

29 សូរ​សន្ធឹក​របស់​ពួក​នោះ​នឹង​បាន​ដូច​ជា​សូរ​គ្រហឹម​របស់​មេ​សិង្ហ គេ​នឹង​គ្រហឹម​ដូច​ជា​កូន​សិង្ហ អើ គេ​នឹង​គ្រហឹម ហើយ​ចាប់​រំពា​យក​ទៅ ឥត​មាន​អ្នក​ណា​ជួយ​ឲ្យ​រួច​បាន​ឡើយ

30 នៅ​គ្រា​នោះ គេ​នឹង​គ្រហឹម​ដាក់​ពួក​អ្នក​ទាំង​នោះ​ឲ្យ​ឮ ដូច​ជា​សូរ​គ្រាំ‌គ្រេង​នៃ​សមុទ្រ ហើយ​បើ​អ្នក​ណា​មើល​ទៅ​ក្នុង​ស្រុក នោះ​នឹង​ឃើញ​មាន​តែ​ងងឹត និង​សេចក្ដី​វេទនា​ទទេ ហើយ​ពន្លឺ​ដែល​នៅ​លើ​មេឃ​នឹង​ងងឹត​សូន្យ​ទៅ​ដែរ។