អេសាយ 50:1-7 KHOV

1 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា សំបុត្រ​លះ‌លែង​ដែល​អញ​ឲ្យ​ដល់​ម្តាយ​ឯង ដើម្បី​បណ្តេញ​ចេញ​នោះ​តើ​នៅ​ឯ​ណា ឬ​តើ​អញ​បាន​លក់​ឯង​ដល់​ម្ចាស់​បំណុល​របស់​អញ​ណា​មួយ មើល ដែល​ឯង​ត្រូវ​លក់​ទៅ​នោះ ក៏​ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​ឯង​ទេ ហើយ​ដែល​ម្តាយ​ឯង​ត្រូវ​បណ្តេញ​នោះ ក៏​ដោយ​ព្រោះ​អំពើ​រំលង​របស់​ឯង​រាល់​គ្នា​ដែរ

2 ដូច្នេះ កាល​អញ​បាន​មក​ដល់ ហេតុ​អ្វី​បាន​ជា​គ្មាន​អ្នក​ណា​មួយ​សោះ កាល​អញ​បាន​ហៅ​នោះ ហេតុ​អ្វី​បាន​ជា​គ្មាន​អ្នក​ណា​ឆ្លើយ​តប តើ​ដៃ​អញ​បាន​រួញ​ខ្លី​នឹង​ជួយ​លោះ​ឯង​មិន​បាន​ឬ តើ​អញ​គ្មាន​អំណាច​នឹង​ដោះ​ឲ្យ​រួច​ទេ​ឬ​អី មើល កាល​ណា​អញ​ស្តី​ឲ្យ នោះ​សមុទ្រ​ក៏​រីង​ស្ងួត​ទៅ ហើយ​ទន្លេ​ក៏​ទៅ​ជា​ទី​ហួត‌ហែង ឯ​ត្រី​ក៏​ធុំ​ស្អុយ ដោយ​គ្មាន​ទឹក ហើយ​នឹង​ស្លាប់​ទៅ​ដោយ​ស្រេក​ដែរ

3 អញ​បំពាក់​ផ្ទៃ​មេឃ​ដោយ​ពពក​ខ្មៅ ហើយ​ក៏​ដណ្តប់​ទៅ ដោយ​សំពត់​ធ្មៃ​ផង។

4 ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​បាន​ប្រទាន​ឲ្យ​ខ្ញុំ​មាន​វោហារ ដូច​ជា​អ្នក​ដែល​បាន​រៀន‌សូត្រ​ហើយ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ចេះ​ប្រើ​ពាក្យ​សំដី និង​ជ្រោង​មនុស្ស​គ្រាក‌ចិត្ត​ឡើង ទ្រង់​ដាស់​ខ្ញុំ​រាល់​តែ​ព្រឹក គឺ​ទ្រង់​ដាស់​ត្រចៀក​ខ្ញុំ ដើម្បី​ឲ្យ​ខ្ញុំ​ស្តាប់ ដូច​ជា​អ្នក​ដែល​កំពុង​តែ​រៀន‌សូត្រ

5 ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​បាន​បើក​ត្រចៀក​ខ្ញុំ​ហើយ ខ្ញុំ​មិន​បាន​រឹង‌ចចេស ឬ​បែរ​ក្រោយ​ឡើយ

6 ខ្ញុំ​បាន​ប្រគល់​ខ្នង​ទៅ​ឲ្យ​ពួក​អ្នក​ដែល​វាយ ហើយ​ថ្ពាល់​ខ្ញុំ​ទៅ​ឲ្យ​ពួក​ដែល​បោច​ពុក‌ចង្កា ខ្ញុំ​មិន​បាន​គេច​មុខ​ពី​សេចក្ដី​អាម៉ាស់​ខ្មាស ឬ​ពី​ការ​ស្តោះ​ទឹក​មាត់​ទេ

7 ពី​ព្រោះ​ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​នឹង​ជួយ​ខ្ញុំ ហេតុ​នោះ​បាន​ជា​ខ្ញុំ​មិន​ត្រូវ​ជ្រប់​មុខ ហើយ​ដោយ​ហេតុ​នោះ​ខ្ញុំ​បាន​កាត់​ចិត្ត​ឲ្យ​រឹង​ដូច​ថ្ម​ដែក​ភ្លើង​ហើយ ខ្ញុំ​ដឹង​ថា ខ្ញុំ​មិន​ត្រូវ​ខ្មាស​ឡើយ