5 ព្រះអម្ចាស់យេហូវ៉ាទ្រង់បានបើកត្រចៀកខ្ញុំហើយ ខ្ញុំមិនបានរឹងចចេស ឬបែរក្រោយឡើយ
6 ខ្ញុំបានប្រគល់ខ្នងទៅឲ្យពួកអ្នកដែលវាយ ហើយថ្ពាល់ខ្ញុំទៅឲ្យពួកដែលបោចពុកចង្កា ខ្ញុំមិនបានគេចមុខពីសេចក្ដីអាម៉ាស់ខ្មាស ឬពីការស្តោះទឹកមាត់ទេ
7 ពីព្រោះព្រះអម្ចាស់យេហូវ៉ាទ្រង់នឹងជួយខ្ញុំ ហេតុនោះបានជាខ្ញុំមិនត្រូវជ្រប់មុខ ហើយដោយហេតុនោះខ្ញុំបានកាត់ចិត្តឲ្យរឹងដូចថ្មដែកភ្លើងហើយ ខ្ញុំដឹងថា ខ្ញុំមិនត្រូវខ្មាសឡើយ
8 ព្រះដែលតាំងខ្ញុំជាសុចរិត ទ្រង់គង់នៅជិត តើអ្នកណានឹងតវ៉ាចំពោះខ្ញុំទៀត ចូរយើងឈរឡើងជាមួយគ្នា តើអ្នកណាដែលជាទំនាស់នឹងខ្ញុំ ត្រូវឲ្យអ្នកនោះចូលមកជិតខ្ញុំចុះ
9 មើល ព្រះអម្ចាស់យេហូវ៉ាទ្រង់នឹងជួយខ្ញុំ តើអ្នកណានឹងពោលទោសខ្ញុំបាន មើល គេនឹងចាស់ទៅទាំងអស់គ្នា ដូចជាសំលៀកបំពាក់ ហើយកន្លាតនឹងកាត់គេអស់ទៅ។
10 ក្នុងពួកឯងរាល់គ្នា តើមានអ្នកណាដែលកោតខ្លាចដល់ព្រះយេហូវ៉ា ដែលស្តាប់តាមសំឡេងរបស់អ្នកបំរើទ្រង់ ឯអ្នកដែលដើរក្នុងសេចក្ដីងងឹត ឥតមានពន្លឺសោះ ត្រូវឲ្យអ្នកនោះទុកចិត្តដល់ព្រះនាមនៃព្រះយេហូវ៉ា ហើយផ្អែកទៅលើព្រះនៃខ្លួនចុះ
11 នែ អស់អ្នកដែលបង្កាត់ភ្លើង ជាអ្នកដែលក្រវាត់ខ្លួនដោយកន្ទុយឧសអើយ ចូរឲ្យឯងរាល់គ្នាដើរក្នុងអណ្តាតភ្លើងរបស់ឯង ហើយកណ្តាលកន្ទុយឧសដែលឯងបានបង្កាត់នោះចុះ ឯងនឹងបានតែប៉ុណ្ណោះពីដៃអញ ហើយឯងរាល់គ្នានឹងត្រូវដេកទៅដោយទុក្ខវេទនា។